(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុន ជីប ម៉ុង ក្រោមការគាំទ្រដោយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នឹងរៀបចំយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីចូលរួមផ្ដល់ជីវិតទីពីរដល់អ្នកត្រូវការសង្គ្រោះជីវិតបន្ទាន់ និងដើម្បីលើកកម្ពស់ចលនាមនុស្សធម៌នៃការបរិច្ចាគឈាមនៅកម្ពុជា។

យុទ្ធនាការនេះ នឹងធ្វើឡើងនៅថ្ងៃទី ៨ មីនា ទិវាអន្តរជាតិនារី ២០២៣ ខាងមុខនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១មេហ្គា ម៉ល ចាប់ពីម៉ោង ៩៖៣០ ព្រឹក ដល់ ៥៖៣០រសៀល។ ឆ្លៀតក្នុងឱកាសនេះ សូមលើកទឹកចិត្តសាធារណជនទាំងអស់ដែលមានសុខភាពល្អ មានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៦០ឆ្នាំ និងមានទម្ងន់ចាប់ពី ៤៥ គីឡូក្រាមឡើងទៅ ស្ម័គ្រចិត្តចូលរួមទាំងអស់គ្នាដោយសុវត្ថិភាព ដើម្បីក្លាយជាវីរជនសង្គ្រោះជីវិតមនុស្ស។

«ការផ្ដល់ឈាមស្ម័គ្រចិត្ត គឺជាការផ្ដល់អំណោយជីវិតដ៏មានតម្លៃ» ដែលជាកាយវិការមនុស្សធម៌ដ៏ប្រពៃដែលមនុស្សជាតិអាចធ្វើបាន។ សកម្មភាពនេះ មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ព្រមទាំងផ្ដល់នូវអត្ថប្រយោជន៍សុខភាពជាច្រើនដល់អ្នកបរិច្ចាគផងដែរ។ អត្ថប្រយោជន៍សុខភាពមានជាអាទិ៍៖ ដឹងពីប្រភេទឈាម កាត់បន្ថយជំងឺមហារីកផ្សេងៗ កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានការប៉ះពាល់ដល់ថ្លើម និងលំពែង ព្រមទាំងជួយធ្វើឱ្យប្រសើរឡើងសុខភាពបេះដូង កាត់បន្ថយការឡើងទម្ងន់ និងជំងឺដាច់សរសៃរឈាមក្នុងខួរក្បាល៕