(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា (CUMT) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានរៀបចំពិធីបើកបវេសនកាលជាលើកដំបូងរបស់ខ្លួន សម្រាប់ឆ្នាំសិក្សាថ្មី២០២២-២០២៣។

ពិធីនេះបានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាល និងលោកបណ្ឌិត ស៊ា អ៊ិត ប្រធាននាយកដ្ឋានស្តង់ដារ និងការទទួលស្គាល់គុណភាពអប់រំ នៃក្រសួងអប់រំ យុវជន និងមានការចូលរួមផងដែរពីសំណាក់ លោកបណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការ, លោកសាកលវិទ្យាធិការរង, គណៈគ្រប់គ្រងសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា និងមានការចូលរួមពីសិស្សនិស្សិតជាច្រើននាក់ផងដែរ។

លោកបណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ CUMT បានឲ្យដឹងថា សាកលវិទ្យាល័យ CUMT ធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ លើមហាវិទ្យាល័យចំនួន៥ រួមមាន៖ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម, មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា និងមហាវិទ្យាល័យអភិវឌ្ឍជនបទ។

សម្រាប់ឆ្នាំដំបូង សាកលវិទ្យាល័យបានរៀបចំផ្តល់អាហារូបករណ៍សិក្សា ចំនួន៣០០កន្លែង ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ការប្រឡង ដែលបែងចែកជា៣វគ្គ មានសិស្សនិស្សិតចំនួន ២៧១នាក់ ក្នុងនោះស្រីចំនួន១៥៣នាក់ បានប្រឡងជាប់។

លោកបណ្ឌិត បានបន្ដថា ចាប់តាំងពីបានទតួលការអនុញ្ញាតិពីរាជរដ្ឋាភិបាល ក្នុងការដំណើរសាកលវិទ្យាល័យមក ក្នុងបំណងពង្រឹងគុណភាពអប់រំ សាកលវិទ្យាល័យ ក៏បានខិតខំសំរិតសំរាំងគ្រូមានបទពិសោធន៍យូរឆ្នាំ ពិសេសបានសហការជាមួយសាកលវិទ្យាល័យល្បីនៅប្រទេសម៉ាឡេស៊ី និងស្ថាប័នអប់រំផ្សេងផងដែរ។

លោកបណ្ឌិត ស៊ា អ៊ិត ប្រធាននាយកដ្ឋានស្តង់ដារ និងការទទួលស្គាល់គុណភាពអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាកលវិទ្យាល័យ ដែលសកលវិទ្យាល័យទើបបើថ្មីសោះ តែមាននិស្សិតសម្រេចចិត្តចូលរៀនច្រើន នេះមានន័យថា សាកលវិទ្យាល័យនេះពិតជាល្អ ដូចធ្វីដែលលោកបានវាយតម្លៃមុនបើកទទួលចុះឈ្មោះ និងបានសម្រេចទទួលស្គាល់កម្មវិធីសិក្សា របស់សាកលវិទ្យាល័យ CUMT។ លោកបានផ្តាំផ្ញើដល់និស្សិតជាជ័យលាភីខិតខំសិក្សាឲ្យបានជោគជ័យ ក្នុងនាមជានសិស្សិតជំនាន់ទី១ ដែលបានជ្រើសរើសសលាត្រូវ ហើយចាត់ទុកប្អូនៗជាកូនបង កុំឲ្យគណៈគ្រប់គ្រង និងអ្នកផ្តល់អាហារូបករណ៍ខកបំណង។

លោកបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ CUMT បានថ្លែងអំណរគុណ លោកបណ្ឌិត ស៊ា អ៊ិត ប្រធាននាយកដ្ឋានស្តង់ដារ
និងការទទួលស្គាល់គុណភាពអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា ទទួលស្គាល់កម្មវិធីសិក្សា និងផ្តល់ការវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យ CUMT។

ប្រធានក្រុមប្រឹក្សាភិបាល បានចូលរួមអបអរសាទរ ដល់និស្សិតទាំងអស់ដែលបានទទួលអាហររូបករណ៍ និងលើកទឹកចិត្តដល់សិស្ស និស្សិត ឲ្យយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីក្លាយជាចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។ លោកនឹងខិខំប្រឹងប្រែងអភិវឌ្ឍសាកលវិទ្យាល័យនេះ ឲ្យកាន់តែល្អប្រសើរដើម្បីក្លាយជាសាកលវិទ្យល័យឈានមុខគេនៅកម្ពុជាផងដែរ។

លោកបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាល ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំដឹកនាំ សាកលវិទ្យាល័យ ជូនពរឲ្យជួបតែវិបុលសុខ សុភមង្គល មហាប្រសើរ និងជោគជ័យគ្រប់ភារកិច្ច។ លោកបានសម្តែងនូវការដឹងគុណជានិច្ចដល់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលតែងតែយកចិត្តទុកដាក់លើវិស័យអប់រំ និងបានផ្តល់ការអនុញ្ញាតិ ឲ្យមានការបើកដំណើរការសាកលវិទ្យាល័យនេះឡើង។

គួរជម្រាបថា សាកលវិទ្យាល័យ CUMT គឺជាគ្រឹះស្ថានឧត្តមសិក្សាដំបូងមុនគេនៅក្នុងប្រទេសកម្ពុជា ដែលមានស្ថាបនិកជាបញ្ញវន្តខ្មែរឥស្លាមមកពីក្នុង និងក្រៅប្រទេស ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលដើម្បីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ពិសេសមានកម្មវិធីសិក្សាលើភាសាអារ៉ាប់ទៀតផង៕