(ភ្នំពេញ)៖ ការប្រកួតកីឡាម៉ូតូហោះ Flying Bike Super Cross នៅទីលានព្រែកលាប បានត្រឡប់មកវិញហើយ ក្រោយខកខានរៀបចំ ៧ឆ្នាំ ជាមួយការដំណើរការប្រកួតយ៉ាងរលូននាចុងសប្ដាហ៍កន្លងទៅ ពិសេសការបង្ហាញសមត្ថភាពថ្នាលយុវជនតែម្ដង។ ការប្រកួតនេះបែងចែកជា ៥កម្រិតរួមមាន Class A, B, C, VIP និង Class Kids។

លោក ព្រែ អ៊ីវកាត់ទ្រី ស្ថាបនិកព្រឹត្តិការណ៍កីឡាម៉ូតូហោះនេះបានឲ្យដឹងថា ដោយសារបញ្ហាផ្សេងៗ ក៏ដូចជាវិបត្តិកូវីដ-១៩ បានធ្វើឲ្យលោកខកខានរៀបចំការប្រកួត Super Cross នេះតាំងពីឆ្នាំ២០១៧ ប៉ុន្ដែការចាប់ផ្ដើមឡើងវិញបានធ្វើឲ្យលោករីករាយ និងមានឆន្ទៈរៀបចំជាបន្ដទៀត បន្ទាប់ពីទទួលបានការគាំទ្រពីសហព័ន្ធកីឡាយានយន្ដកម្ពុជា និងមានការចូលរួមច្រើនពីកីឡាករ-កីឡាការិនី។

លោកបន្ដថា ការប្រកួតនេះបានដំណើរការយ៉ាងរលូន មិនមានបង្កគ្រោះថ្នាក់អ្វីគួរឲ្យកត់សម្គាល់ កំឡុងការប្រកួតឡើយ។ រីឯកីឡាករក៏បានបង្ហាញសមត្ថភាព និងទេពកោសល្យគួរឲ្យភ្ញាក់ផ្អើលផងដែរ។ តាមរយៈការរៀបចំឡើងវិញជាមួយសញ្ញាណដ៏ល្អនេះ លោកបានប្ដេជ្ញានឹងព្យាយាមរៀបចំការប្រកួតនេះឲ្យបានទៀងទាត់ឡើងវិញ យ៉ាងហោច ១ឆ្នាំម្ដង ឬ ២ដង ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យរីកចម្រើន។

សម្រាប់ការប្រកួតបន្ទាប់ គ្រោងនឹងរៀបចំនាចុងឆ្នាំ២០២៣ ខណៈទិសដៅសំខាន់ គឺលោកចង់ពង្រីកការប្រកួតវិញ្ញាសាយុវជនឲ្យបានច្រើន ដើម្បីសម្រិតសម្រាំងបាននូវកីឡាករ-កីឡាការិនីវ័យក្មេងដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ សម្រាប់បណ្ដុះបណ្ដាលពួកគេបន្ថែមឲ្យក្លាយជាកីឡាករ-កីឡាការិនីអាជីព ដែលអាចចូលរួមប្រកួតបានទាំងលើឆាកជាតិ និងអន្ដរជាតិនាថ្ងៃអនាគត។ លោក ព្រែ អ៊ីវកាត់ទ្រី បន្ថែម៕