(ឡុងដ៍)៖ អ្នករត់ចូលទីលានម្នាក់ ដែលបានបុកគ្នាជាមួយក្រុមកីឡាករ Liverpool ដែលកំពុងអបអរសាទរគ្រាប់បាល់ទី៧ របស់គេ ក្នុងពេលប៉ះក្រុម Manchester United និងប៊ិះធ្វើឲ្យកីឡាករ Andy Robertson រងរបួសនោះ នឹងត្រូវកំណត់អត្តសញ្ញាណ ហើយដាក់បម្រាមពីការចូលកីឡដ្ឋាន Anfield អស់មួយជីវិត។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។
ស្របពេលក្រុមកីឡាករ បានអបអរសាទរនូវគ្រាប់បាល់ស៊ុតបញ្ចូលទីចុងក្រោយ នៃការប្រកួតឈ្នះ ៧-០ កាលពីថ្ងៃអាទិត្យលើគូប្រជែង Man Utd នោះ អ្នកគាំទ្រម្នាក់បានរត់ចូលទីលាន និងបានរអិលដួល បុកជាមួយកីឡាករ Robertson ដោយបានចាប់កជើងរបស់គាត់ទៀតផង។
«គ្មានការលើកលែងទោសណាមួយសម្រាប់អាកប្បកិរិយាដ៏គ្រោះថ្នាក់ និងមិនអាចទទួលយកបាននេះនោះទេ។ សុវត្ថិភាព និងសន្តិសុខរបស់កីឡាករ សហការី និងអ្នកគាំទ្រ គឺជារឿងសំខាន់» នេះបើតាមក្លិប Liverpool បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍។
សូមជម្រាបថា លទ្ធផលជ័យជម្នះនេះ បានជួយជំរុញក្តីរំពឹងឈានទៅកាន់តំណែង Top 4 របស់ Liverpool កាន់តែខ្លាំង ខណៈក្លិបបានឡើងទៅចំណាត់ថ្នាក់ទី៥ មាន ៣ពិន្ទុតាមពីក្រោយក្រុមចំណាត់ថ្នាក់ទី៤ Tottenham Hotspur ដោយនៅសល់ ១ប្រកួតក្នុងដៃ។ ការប្រកួតបន្ទាប់របស់ពួកគេ នឹងទៅជួបក្រុម Bournemouth ដែលកំពុងរង់ការគំរាមកំហែងកាត់ចោលពីលីគនៅថ្ងៃសៅរ៍សប្តាហ៍នេះ៕