(ប្រ៊ុចសែល)៖ ខ្សែការពារសញ្ជាតិបែលហ្សិក Toby Alderweireld បានចូលនិវត្តន៍ហើយពីក្រុមជម្រើសជាតិ បន្ទាប់ពីចំណាយពេល ១៣ឆ្នាំជាមួយក្រុមជម្រើសជាតិ ដែលបានចូលលេង ១២៧ប្រកួត។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

Toby Alderweireld វ័យ ៣៤ឆ្នាំ គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិ ដែលបានយកឈ្នះលើក្រុមប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០១៨ ប៉ុន្តែបានបញ្ចប់ទៅវិញលើកំណត់ត្រាកម្រិតទាប ដោយសារបែលហ្សិកបានធ្លាក់ចេញនៅវគ្គសន្សំពិន្ទុក្នុងពូលនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។

យុទ្ធនាការដ៏គួរឲ្យខកចិត្តនេះ ក៏បាននាំឲ្យមានការចូលនិវត្តន៍នៃសមាជិកក្រុមម្នាក់ទៀតរបស់បែលហ្សិកផងដែរ គឺខ្សែប្រយុទ្ធ Eden Hazard ដែលកំពុងលេងក្នុងក្លិប Real Madrid។

អាជីពរបស់ Alderweireld បាននាំរូបលោកមកពីក្លិប Ajax Amsterdam ទៅកាន់ Atletico Madrid, Tottenham Hotspur ហើយបច្ចុប្បន្ន លោកកំពុងលេងឲ្យក្លិប Royal Antwerp៕