(ប៉ារីស)៖ ខ្សែប្រយុទ្ធ Neymar របស់ក្លិប Paris Saint-Germain នឹងអវត្តមានរហូតដល់បិទរដូវកាលនេះ ដោយសារបញ្ហារបួសកជើងធ្ងន់ធ្ងររបស់លោក ត្រូវការវះកាត់ផងដែរ។
តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិប្រេស៊ីលខាងលើនេះ ត្រូវបានសែងចេញពីទីលាន នៅពេលចាប់ផ្តើមលេងវគ្គទី២ បាន ៥នាទីប៉ុណ្ណោះ ក្រោយពេលរងរបួសកជើង (ankle) ខាងស្តាំជាទម្ងន់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅអំឡុង PSG បានយកឈ្នះ Lille ក្នុងលទ្ធផល ៤ទល់នឹង៣ នៃ Ligue 1។
សេចក្តីថ្លែងការណ៍ពីក្លិប PSG បានឲ្យដឹងថា «កីឡាករវ័យ ៣១ឆ្នាំ Neymar តែងតែញាំញីដោយបញ្ហារបួសនៅកជើងខាងស្តាំរបស់លោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលទាមទារការវះកាត់ ដើម្បីចៀសវាងហានិភ័យទៅថ្ងៃមុខ។ វាត្រូវការរយៈពេលព្យាបាលចាប់ពី៣ ទៅ៤ខែ មុនពេលអាចចូលហ្វឹកហាត់បានវិញ»។
ដោយសារបញ្ហារបួសកជើងនេះដែរ Neymar ក៏បានខកខានពីក្រុមជម្រើសជាតិសាំបាប្រេស៊ីលក្នុងប្រកួត World Cup 2022 ចំនួន ២ប្រកួត បន្ទាប់ពីរងរបួសនេះនៅថ្ងៃបើកឆាកទល់នឹងស៊ែប៊ីរួចមក។
ក្នុងរដូវកាលឆ្នាំ២០២២-២០២៣ នេះ Neymar ទើបតែស៊ុតបញ្ចូលទីបាន ១គ្រាប់ប៉ុណ្ណោះពីការចូលលេងបាន ១៣ប្រកួតក្នុងលីគកំពូលបារាំង ប៉ុន្តែបញ្ជូនបាល់បាន ១០គ្រាប់សម្រាប់ PSG៕