(បរទេស)៖ កំពូលមហាសេដ្ឋីបច្ចេកវិទ្យា និងជានាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter លោក Elon Musk កំពុងប្រឈមមុខនឹងការពិន័យសាច់ប្រាក់ជាច្រើននៅក្នុងប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

នៅថ្ងៃចន្ទសប្តាហ៍នេះ ក្រុមប្រឹក្សាប្រកួតប្រជែងរបស់ប្រទេសតួកគីបាននិយាយថា ខ្លួនបានសម្រេចពិន័យមហាសេដ្ឋី Elon Musk ចំនួន ០.១ភាគរយ នៃប្រាក់ចំណូលសរុបរបស់ Twitter នៅក្នុងប្រទេសតួកគីក្នុងឆ្នាំ២០២២។ ខណៈដើមហេតុនោះគឺដោយសារការកាន់កាប់នៅ Twitter របស់ Musk កើតឡើងដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាលបានបន្ថែមទៀតថា សេចក្តីសម្រេចនេះនឹងបើកចំហរចំពោះបញ្ហាប្រឈមផ្លូវច្បាប់។

គួរបញ្ជាក់ដែរថា ចាប់តាំងពីការឈានជើងមកដល់ Twitter របស់ Musk រចនាសម្ព័ន្ធជាច្រើននៅ Twitter ត្រូវបានផ្លាស់ប្តូរ ខណៈដែលចំណូលពីការផ្សាយពាណិជ្ជកម្មវិញខាតបង់ស្ទើតែរាល់ថ្ងៃ ទាំងនេះក៏ដោយសារតែការមិនពេញចិត្តពីវិនិយោគិនចំពោះការគ្រប់គ្រងរបស់ Musk នឹងបាននាំគ្នាបញ្ឈប់ការផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់៕