(ភ្នំពេញ)៖ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៉ី (ខេមបូឌា) ភីអិលស៉ី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញចូលរួមផ្តល់សុន្ទរកថាស្វាគមន៍ នៅក្នុងពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ - Financial Street» ដែលត្រូវបានដាក់សម្ពោធជាផ្លូវការ ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងចំណេះដឹងហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយដល់ប្រជាជនកម្ពុជា។ កម្មវិធីត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅអគារ KAMPUS ។

កម្មវិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ ត្រូវបានបង្កើតឡើងដោយមានកិច្ចខិតខំប្រឹងប្រែងសហការគ្នាយ៉ាងជិតស្និទ្ធ រវាងក្រុមហ៊ុន Apsara Media Services (AMS), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA), សមាគមធនាគារនៅកម្ពុជា (ABC) និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) ក្រោមកិច្ចគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC)។

ពិធីសម្ពោធកម្មវិធី វិថីហិរញ្ញវត្ថុ - Financial Street មានការអញ្ជើញចូលរួមជាគណៈអធិបតី ពីលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា, លោក Raymond Sia ប្រធានក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា, អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) និងលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) ព្រមទាំងអ្នកចូលរួមតំណាងមកពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សរុបប្រមាណជិត ១០០ នាក់៕