(បរទេស)៖ ភាពយន្តឃាតកដៃឆៅ បែបវាយប្រហារ John Wick វគ្គ៤ បានសម្ពោធនៅឯទីក្រុងឡុងដ៏ ខណៈដែលតារាសម្ដែងវ័យ ៥៨ឆ្នាំ Keanu Reeves បានប្រាប់អ្នកសារព័ត៌មានថា លោកនៅតែមានអារម្មណ៍ថា ភាពយន្តថ្មីនេះនៅតែដំណើរការតាមអ្វីដែលបានគ្រោងទុក ហើយលោករីករាយនឹងការណែនាំពីតួអង្គថ្មី ដែលសម្ដែងដោយកំពូលតារាហុងកុងកុំកុំ ឬ Donnie Yen (ដូននី យ៉េន)។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

ក្នុងវគ្គទី៤នេះ តួអង្គ Wick បានរកឃើញវិធីក្នុងការកម្ចាត់បក្ខពួក ដែលគ្រប់គ្រងបណ្ដាញឃាតករ និងឧក្រិដ្ឋជននៅជុំវិញពិភពលោក ដើម្បីអាចទទួលបានសេរីភាពមកវិញ។ យ៉ាងណាក្ដីតួអង្គ Wick ត្រូវកម្ចាត់សត្រូវដ៏មានអំណាចម្នាក់ជាមុនសិន ដែលសត្រូវម្នាក់នេះធ្លាប់ជាមិត្តចាស់របស់ខ្លួន។

តារាល្បី កុំកុំ ត្រូវបានគេដឹងថា នឹងសម្តែងជាមិត្តសម្លាញ់របស់ John Wick នៅក្នុងរឿង John Wick វគ្គ៤ ជាមួយនឹងវត្តមានរបស់តារាសម្តែងផ្សេងៗដូចជា តារាជនជាតិជប៉ុនកាត់អង់គ្លេស អ្នកនាង Rina Sawayama ដែលសម្តែងជាអ្នកតាមប្រមាញ់ John Wick។ ខណៈវគ្គ៤ សម្ពោធចាក់បញ្ចាំង Keanu Reeves ហាក់មិនទាន់ដឹងនៅឡើយទេ អំពីការថតរឿងនេះវគ្គ៥ ស្របពេលភាពយន្ត «John Wick: Chapter 4» នឹងចាក់ផ្សាយតាមរោងភាពយន្តចាប់ពីថ្ងៃទី២៤ ខែមីនា៕