(សៀមរាប)៖ គម្រោងតុក្កតាយក្ស គឺជាគម្រោងសិល្បៈសហគមន៍កុមារដ៏ធំបំផុតមួយ ដែលត្រូវ​បានចាត់​ទុក​ថា​ជាព្រឹត្តិការណ៍ទេសចរណ៍ ដែលមានមនុស្សចូលរួមទស្សនាកម្សាន្ដរាប់ម៉ឺននាក់ នឹងបង្ហែឆាប់ៗនេះនៅក្រុងសៀមរាប បន្ទាប់ពីខកខានធ្វើឡើងរយៈពេល៣ឆ្នាំ ដោយសារវិបត្តិនៃជំងឺកូវីដ១៩។

លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងគម្រោងតុក្តតាយក្ស បានឱ្យដឹងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៣នេះថា គម្រោង​​តុក្តតាយក្ស បានចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ២០០៧ នេះជាឆ្នាំទី១២ហើយ ដែលបានរៀបចំព្រិត្តិការណ៍នេះឡើង ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះ គម្រោងតុក្កតាយក្សក្រោមប្រធានបទ «ខ្មែរក្លាហាន» ហើយគម្រោងទទួលបាន​ជោគ​ជ័យ ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេស​ប្រជា​ពលរដ្ឋ នៅក្នុងក្រុងសៀមរាប។

លោកបន្តថា ពិធីដង្ហែក្បួនតុក្កតាយក្ស ដែលជាប្រភេទសត្វ និងរូបមនុស្ស ដែលធ្វើ​ឡើង​ដោយ ឬស្សី ល្ពាក់ និងក្រដាសផ្សេងៗទៀត ដោយក្រុមកុមារមកពីតាមអង្គការ សាលា និងក្រុម​សិល្បករជិត៥០០នាក់ ដែលចំណាយរយៈពេល ពីរសប្តាហ៍ ដើម្បីបង្ហាញអំពីការច្នៃ​ប្រឌិតរបស់កុមារ និងក្រុមសិល្បករ ក្នុងការដំឡើងជាប្រភេទសត្វដែលប្រឈម​ផុតពូជនៅ​ក្នុងប្រទេសកម្ពុជាផងដែរ។ ចំពោះការដំឡើងជាប្រភេទសត្វនេះ គឺដើម្បីឱ្យប្រជា​ពលរដ្ឋកម្ពុជាទំាងអស់ ចេះជួយថែរក្សា ការពារ និងអភិរក្សសត្វទាំងនោះ ព្រមទាំងលើក​ស្ទួយ​វិស័យសិល្បៈ វប្បធម៌ខ្មែរ និងលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍ​វិស័យអប់រំផងដែរ។

លោក អ៊ុន សាវ៉ាន់ បានបន្តទៀតថា ចំពោះការដែលឱ្យកុមារមកចូលរួមធ្វើ និងដំឡើង​តុក្កតា​យក្សនេះ គឺចង់ឱ្យកុមារទំាងអស់ ចេះធ្វើការជាក្រុម ចេះសហការគ្នា និងចង់ឲ្យពួកគាត់ស្គាល់អំពីប្រភេទសត្វដែលប្រឈមផុតពូជ នៅក្នុង​ប្រទេសកម្ពុជា និងចេះច្នៃប្រឌិតរូបសត្វទាំងនោះឡើង​ ដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋទូទៅ​បាន​ស្គាល់ និងបានចូលរួមអភិរក្សសត្វទាំងនោះផង។

សម្រាប់គម្រោងតុក្តតាយក្សសម្រាប់ឆ្នាំ​២០២៣នេះ មានចំនួន០៧ ក្នុងនោះដែរមាន រូបសត្វពពូលទឹក(ជាប្រភេទសត្វកម្រ និង​ជិត​ផុតពូជ) រូបកសិករ(គឺចង់លើកតម្លៃកសិករ ព្រោះបើអត់កសិករច្បាស់ណាស់ថា ប្រជាពល​រដ្ឋ​ នឹងពិបាកក្នុងការរស់នៅ ព្រោះយើងត្រូវការអង្ករ បន្ថែ ត្រី សាច់ ដែលកសិករធ្វើយក​មក​ទទួលទាន។ រូបអ្នកម្តាយ សត្វពស់ ត្រីគល់រាំង រូបព្រះវិសិន្ត និងរូបសត្វកម្រ​មួយទៀត។ គម្រោងនេះដែរ នាពេលកន្លងមកក៏មានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបផងដែរ។

លោក អ៊ុន សាវ៉ាន់ បានបញ្ជាក់ថា ក្បួនដង្ហែតុក្តតាយក្សនៅ​តាម​ដងផ្លូវក្នុងក្រុងសៀមរាប នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ទី១១ ខែមីនា ឆ្នាំ២០២៣ ដោយ​ធ្វើនៅម៉ោង ៦ល្ងាច ចាប់ពីមុខវត្តដំណាក់អមតាមដងស្ទឹង ឆ្ពោះទៅទិសខាងជើង បត់​ទៅផ្លូវលេខ២១ បត់ឡើងមកផ្លូវវត្តបូរណ៌ រួចចុះមកផ្លូវមាត់ស្ទឹងវិញ និងបន្តឡើងមក​សួនច្បារ​ព្រះរាជដំណាក់ជួបជុំគ្នានៅទីនោះ ដោយមានការសម្តែងសិល្បៈផ្សេងៗ។

លោកក៏រំពឹងថា គម្រោងដង្ហែតុក្កតាយក្សនេះ នឹងទាក់​ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនា​កម្សាន្តឱ្យបានច្រើនកុះករ ព្រោះគម្រោងដង្ហែរតុក្តតាយក្សនេះ ក៏ជាព្រឹត្តិការណ៍ទេសចរណ៍មួយដែល​មានការទាក់​ទាញផងដែរ៕