(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងធ្វើការបំពាក់ប្រព័ន្ធ Wi-Fi យ៉ាងទូលំទូលាយស្ទើរគ្រប់កន្លែង ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីសម្រួលដល់ការប្រើប្រាស់ និងការផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានាពេលខាងមុខ។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍ ដឹកនាំដោយលោកបណ្ឌិត ថោង ខុន ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍ នៅមជ្ឈមណ្ឌលប្រតិបត្តិការកីឡា ក្នុងពហុកីឡដ្ឋានជាតិមរកតេជោ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ក្នុងនោះក៏មានការចូលរួមពីលោក ស៊្រុន គឹមសាន សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីពិភាក្សាអំពីការងារនេះផងដែរ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការរៀបចំប្រព័ន្ធ Wi-Fi គឺជាតម្រូវការមួយដ៏សំខាន់ ដែលត្រូវបានថ្នាក់ដឹកនាំ CAMSOC-CAMAPGOC យកចិត្តទុកដាក់ សម្រាប់ប្រើប្រាស់កំឡុងការប្រកួត ពិសេសក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ។ ដោយមានការយកចិត្តទុកដាក់ពីលោករដ្ឋមន្ដ្រី ថោង ខុន និងកិច្ចសហការល្អរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឲ្យការងារនេះរៀបចំយ៉ាងរលូន ដើម្បីឆ្លើយតបតម្រូវការផ្សេងៗ មិនថាទស្សនិកជនចូលរួមទស្សនាឡើយ។

លោកថា «ការបំពាក់ Wi-Fi នេះ គឺធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ទាំងនៅភូមិកីឡា បរិវេណទីធ្លាសាធារណៈក៏ត្រូវបំពាក់ដែរ មានន័យថា យើងបំពាក់សឹងតែគ្រប់ទីកន្លែងទាំងអស់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះហើយ គឺជាការយកចិត្តទុកដាក់ នៅក្នុងវិមានកីឡដ្ឋានមរតកតេជោ សម្រាប់មនុស្សប្រមាណ ៦ម៉ឺននាក់ ក៏អាចប្រើ Wi-Fi បាន។ ដូច្នេះ ទាំងពេលពិធីបើក-បិទ និងការប្រកួតផ្សេងៗ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ គឺយើងអាចប្រើប្រាស់បាន ដែលធ្វើឲ្យកំណើននៃការផ្សាយចេញរូបភាពទាំងអស់នៅក្នុងពហុកីឡដ្ឋាន គឺបានទូលំទូលាយ និងជះឥទ្ធិពលទៅខាងក្រៅបានល្អ»

«ជារួមការបំពាក់ Wi-Fi នេះ យើងបែងចែកចេញជា២៖ ទី១ ដែលប្រើប្រាស់សម្រាប់ការងារនៅក្នុងការស្នូលរបស់គណៈកម្មាធិការជាតិ CAMSOC ដែលមានរៀបចំការផ្សព្វផ្សាយ ក៏ដូចជាសម្រួលដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ភ្នាក់ងារទូរទស្សន៍ក៏មានភាពងាយស្រួលក្នុងការបញ្ចូនព័ត៌មាន។ មួយទៀត គឺមហាជន អ្នកចូលរួមទស្សនា គាត់ក៏ជាអ្នកផ្សព្វផ្សាយផងដែរ។ អ៊ីចឹង គាត់ក៏ទទួលបាន Wi-Fi នេះ គាត់ក៏អាចជួយផ្សព្វផ្សាយព្រឹត្តិការណ៍នេះផងដែរ ដែលនេះហើយគេហៅ ‘កម្លាំងឥទ្ធិលរបស់កីឡា’»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន៕