(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិនារី U20 មីយ៉ាន់ម៉ា នាវេលាម៉ោង ៤ល្ងាចនេះ នៅកីឡដ្ឋាន Smart RSN រាជធានីភ្នំពេញ ដែលជាជំនួបបើឆាកពូល G នៃវគជម្រុះជុំទី១ ពានរង្វាន់ AFC U20 Woman's Asian Cup 2024 នៅប្រទេសអ៊ុយបេគីស្ថាន ។

នេះគឺជាការប្រកួតដំបូងក្នុងពូល G ក្នុងនាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដែលមានបេក្ខភាពប្រកួតប្រជែង ៣ក្រុម សុទ្ធតែជាក្រុមក្នុងតំបន់អាស៊ាន រួមមានក្រុមម្ចាស់ផ្ទះកម្ពុជា, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ។ ការប្រកួតគ្រោងធ្វើឡើងពីថ្ងៃទី០៨-១២ ខែមីនានេះ ដោយប្រើរូបមន្ដប្រកួតវិលជុំ ១ជើង ខណៈក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងឡើងវគ្គបន្ដ ។

ជុំវិញការប្រកួតនេះ លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមជម្រើសជាតិនារី U20 កម្ពុជា បានចាត់ទុកជាការប្រកួតមួយដ៏សំខាន់ ក្នុងនាមកម្ពុជា ដែលទើបទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះលើកដំបូង ក្នុងប្រវត្តិសាស្ដ្របាល់ទាត់នារី ។ ហេតុនេះ ក្រុមការងារ និងកីឡាការិនីទាំងអស់ បានផ្ដោតការយកចិត្តទុកដាក់ខ្លាំងលើការហ្វឹកហាត់ ដើម្បីត្រៀមប្រកួតប្រជែងមួយនេះ ។

លោកបន្ដថា «យើងអាចនិយាយអំពីលទ្ធផលមុនបានទេ ប៉ុន្ដែការប្រកួតទី១ (ជួបមីយ៉ាន់ម៉ា) យើងគិតថា វានឹងពិបាក តែយ៉ាងណាក៏ដោយ អ្វីក៏អាចកើតឡើងបានដែរ ។ យើងជឿជាក់លើស្មារតី និងឆន្ទៈរបស់កូនក្រុម ហើយខ្ញុំមានមោទនភាព ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ និងជឿជាក់ថា ក្រុមនឹងអាចទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតនេះ»

សូមបញ្ជាក់ថា សម្រាប់ការប្រកួតបញ្ចប់ពូល ក្រុមជម្រើសជាតិនារី U20 កម្ពុជា នឹងត្រូវជួបម៉ាឡេស៊ី នាថ្ងៃទី១០ ខែមីនា មុនជំនួបចុងក្រោយ រវាងមីយ៉ាន់ម៉ា និងម៉ាឡេស៊ី នាថ្ងៃទី១២ ខែមីនា ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Smart RSN របស់ក្លិបភ្នំពេញក្រោនតែមួយគត់ ៕