(ក្រុងឡុងដ៍)៖ Chelsea បានក្លាយជាក្រុមដំបូងគេរបស់អង់គ្លេស ដែលបានឆ្លងចូលវគ្គ ៨ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Champions League បន្ទាប់ពីគូប្រជែង Borussia Dortmund របស់អាល្លឺម៉ង់ក្នុងលទ្ធផល ២ទល់នឹង០ បញ្ចប់ជើងទី២ នៅរាត្រីឆ្លងចូលព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា)។

នេះជាការវាយបកយកជ័យជម្នះសម្រាប់ជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ UCL បន្ទាប់ពីពួកគេលេងចាញ់ត្រឹម ១-០ ក្នុងជើងទី១ នៅទឹកដីអាល្លឺម៉ង់ ក្នុងការឈានទៅវគ្គចាញ់-ធ្លាក់ជាបន្តទៀត។

កីឡាករអន្តរជាតិអង់គ្លេស Raheem Sterling ជាអ្នករកបានគ្រាប់បើកឆាកនៅនាទី៤៣ ជាមួយនឹងឱកាសដ៏ច្រើនផងដែរ តាំងពីដើមវគ្គទី១ មកក្នុងកីឡដ្ឋាន Stamford Bridge នៅមុនពេលប្រព័ន្ធ VAR បានផ្តល់បាល់ពិន័យ ១១ម៉ែត្រឲ្យទៅតោខៀវម្តងទៀត ក្នុងរយៈពេល ៨នាទីបន្ទាប់ ដោយសារតែបាល់ប៉ះដៃខ្សែការពារ Marius Wolf នៅពេលបាល់ទាត់ចេញពីជើង Ben Chilwell។

ខ្សែប្រយុទ្ធអាល្លឺម៉ង់ Kai Harvertz ជាអ្នកទាត់បញ្ចូលទីគ្រាប់ជ័យជម្នះ ក្នុងការទម្លាក់ក្រុម Dortmund ចេញពី Champions ត្រឹមវគ្គ ១៦ក្រុមនេះ និងសម្រាលសម្ពាធខ្លះផងដែរចំពោះលោក Graham Potter ដ្បិតកំពុងរងការរិះគន់ខ្លាំង ដែលធ្វើពុំបានល្អក្នុង Premier League។

ថ្លែងក្រោយចប់ការប្រកួត លោក Potter អ្នកចាត់ការទូទៅ Chelsea បានឲ្យដឹងថា «ទាំងកីឡាករ និងអ្នកគាំទ្របានស្រេកឃ្លានជ័យជម្នះដូចគ្នា។ យើងបានលេងទល់នឹងក្រុមដែលកំពុងធ្វើបានល្អ។ ក្រោយឆ្លងកាត់ ២ប្រកួតនេះ ខ្ញុំមានអារម្មណ៍ថា ពួកយើងពិតជាស័ក្តិសមក្នុងការឡើងទៅវគ្គបន្ទាប់មែន។ វាជារាត្រីដ៏អស្ចារ្យ»។

ក្រៅពី Chelsea ក្រុម Benfica របស់ព័រទុយហ្គាល់ ក៏បានកក់កៅអីទៅវគ្គ ៨ក្រុមផងដែរ ក្រោយពេលបំបាក់ Club Brugge ក្នុងលទ្ធផល ៥-១ បញ្ចប់ជើងទី២ នាយប់មិញនេះដូចគ្នា ក្រោយពេលឈ្នះ ២ទល់នឹង០ ផងដែរនៅទឹកដីប៊ែលហ្សិក៕