(បរទេស)៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមយក្ស Meta ដែលជាមេធំរបស់ Facebook គ្រោងកាត់បន្ថយបុគ្គលិកមួយជុំបន្ថែមទៀតក្នុងសប្តាហ៍នេះដែលវាអាចនឹងប៉ះពាល់ដល់បុគ្គលិករាប់ពាន់នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។
ការប្រកាសកាត់បន្ថយបុគ្គលិកក្នុងសប្តាហ៍នេះត្រូវបានគេឱ្យដឹងថា នឹងប៉ះពាល់ដល់បុគ្គលិកប្រហែល ១៣ភាគរយនៃបុគ្គលិកសរុបរបស់ Meta ដែលជាផ្នែកមួយនៃផែនការកាត់បន្ថយការចំណាយដ៏សំខាន់ដែលបានប្រកាសនៅក្នុងខែវិច្ឆិកា។
នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg ធ្លាប់បានចង្អុលបង្ហាញថា ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្ស នឹងផ្តោតការយកចិត្តទុកដាក់នៅឆ្នាំនេះលើកិច្ចខិតខំប្រឹងប្រែងដែលមានបំណងកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន ដោយលើកយកឆ្នាំ ២០២៣ ជា «ឆ្នាំនៃប្រសិទ្ធភាព»។ គាត់បានប្រាប់អ្នកវិភាគកាលពីខែកុម្ភៈថា Meta គឺផ្តោតលើ «ការកាត់គម្រោងដែលមិនដំណើរការ ឬអាចលែងមានសារៈសំខាន់» លើសពីនេះទៅទៀត Meta ក៏មានគម្រោងក្នុង «ការដកចេញនូវស្រទាប់នៃការគ្រប់គ្រងកណ្តាលដើម្បីធ្វើការសម្រេចចិត្តកាន់តែលឿន»។
គួរបញ្ជាក់ដែរថា គម្រោងកាត់បន្ថយបុគ្គលិកជាបន្តបន្ទាប់នេះកើតឡើងនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមខាតប្រាក់ស្ទើតែរាល់ឆ្នាំជាក់ស្តែងលទ្ធផលត្រីមាសទី៤ ឆ្នាំ២០២២ កន្លងទៅនេះបានធ្លាក់ចុះខ្ទង់ ៤ភាគរយដោយក្នុងនោះចំណូលដែលរកបានមានត្រឹមតែ ៣២ពាន់លានដុល្លារប៉ុណ្ណោះ ខណៈការចំណាយវិញកើនឡើងខ្ពស់ដល់ ២៥.៨ពាន់លានដុល្លារដែលធ្វើឱ្យក្រុមហ៊ុន Meta ផ្ទាល់ពិបាកក្នុងការទប់ទល់នឹងចំណាយ៕