(ប៉ារីស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានប្រកាសពីការសងប្រាក់ថ្លៃទិញសំបុត្រទៅឲ្យអ្នកគាំទ្រខាងក្រុម Liverpool វិញដែលមានចំនួនជិត ២ម៉ឺនសន្លឹក (នាក់) ករណីផ្ទុះហឹង្សាមុនប្រកួតផ្តាច់ព្រ័ត្រ Champions League ទល់នឹង Real Madrid កាលឆ្នាំ២០២២ កន្លងទៅ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា ថ្មីៗនេះ UEFA បានទទួលខុសត្រូវចំពោះរបាយការណ៍ឯករាជ្យដែលបានរាយការណ៍ថា ពិតជាមានករណីផ្ទុះហឹង្សាដោយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងអ្នកគាំទ្រ នៅខាងក្រៅកីឡដ្ឋាន Stade de France រដ្ឋធានី Paris និងពន្យារពេលការប្រកួតដល់ទៅ ៣៦នាទីថែមទៀតផង។

ដើម្បីជាការទទួលខុសត្រូវដំណាក់កាលដំបូង UEFA បានចេញសេចក្តីថ្លែងការណ៍ថា «ស្ថាប័ន នឹងធ្វើការសងថ្លៃសំបុត្រទាំងអស់ទៅខាងអ្នកគាំទ្រ Liverpool FC សម្រាប់វគ្គផ្តាច់ព្រ័ត្រដែលមានចំនួន ១៩៦១៨សន្លឹក»

ជាមួយគ្នានោះ លោក Theodore Theodoridis អគ្គលេខាធិការ UEFA ក៏បានឲ្យដឹងដែរថា «ពួកយើងបានកំពុងធ្វើការចំពោះរឿងនេះ ក្នុងការឆែកឈ្មោះ និងគណនីផ្សេងៗដែលបានទិញសំបុត្រ ដើម្បីរក្សាប្រសិទ្ធភាព និងតម្លាភាព»

ចំណែកឯលោក Jurgen Klopp អ្នកចាត់ការទូទៅហង្សក្រហម Liverpool ដែលបានដឹកនាំក្រុមលេងចាញ់ Real Madrid ១ទល់នឹង០ នោះក៏បានចាត់ទុកថា វាជារឿងល្អមួយដែលអ្នកគាំទ្រក្លិបទទួលបានសំណង ចំពោះស្ថានការដែលបានកើតឡើងមុនប្រកួតមកវិញ៕