(ភ្នំពេញ)៖ ទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រ (Women Run 10K) ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ បានដំណើរការរៀបចំឡើងវិញហើយ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបលើកទី១១២ នៃទិវាអន្ដរជាតិនារី ៨មីនា នៅបរិវេណសួនច្បារមុខវត្តបុទុមវតី ដែលធ្វើឡើងក្រោមប្រធានបទ «ស្ដ្រីក្នុងភាពជាអ្នកដឹកនាំ»

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមានការគាំទ្រពីសាលារាជធានីភ្នំពេញ ក៏ដូចជាដៃគូសហការ ទើបជំរុញឲ្យព្រឹត្តិការណ៍នេះរស់ឡើងវិញ បន្ទាប់ពីខកខានរៀបចំ ២ឆ្នាំ ដោយសារជំងឺរាតត្បាលកូវីដ-១៩ ដោយមានអ្នកចូលរួមយ៉ាងផុសផុស រហូតជាង ១,៥០០នាក់ ។ តាមរយៈនេះ NOCC នឹងប្ដេជ្ញាខិតខំរៀបចំព្រឹត្តិការណ៍ឲ្យបានរៀងរាល់ឆ្នាំឡើងវិញ ដើម្បីលើកកម្ពស់ទិវាសិទ្ធិនារីផង និងជំរុញចលនាស្ដ្រីក្នុងវិស័យកីឡាផង ។

លោកថា «ការរៀបចំទិវារត់ប្រណាំងស្ដ្រី និងកីឡាឡើងវិញនេះ ឃើញថា មានការចូលរួមយ៉ាងផុសផុល សបញ្ជាក់ឲ្យឃើញការយល់ដឹងពីសុខភាពរបស់ប្រជាពលរដ្ឋ ហើយបានក្លាយជាចលនាមួយ ជំរុញដល់យុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត» ដែលដាក់ចេញដោយគណៈកម្មាធិការជាតិ CAMSOS ផងដែរ។ ទ្រឹស្ដីនេះ បានក្លាយជាចលនាជាតិមួយ ធ្វើឲ្យប្រជាពលរដ្ឋរបស់យើងមានសុខភាពល្អ កាត់បន្ថយនូវសេវាសុខភាពសាធារណៈ និងជំរុញឲ្យការរស់នៅក្នុងសង្គមយើងប្រកបដោយសុខភាពល្អគ្រប់គ្នា»

លោក Loke Kah Meng អគ្គនាយកក្រុមហ៊ុនសហការរៀបចំកម្មវិធីខាងលើ បានសម្ដែងសេចក្ដីរីករាយ ដែលបានរួមចំណែករៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីបង្កបរិយាកាសរត់កម្សាន្ដសប្បាយរីករាយជុំគ្រួសារ និងមិត្ដភ័ក្ដ្រ ជាមួយវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ និង ៤គីឡូម៉ែត្រ ។ ក្នុងនាមដៃគូឧបត្ថម្ភធំលោកថា «យើងមានមោទនភាពក្នុងការគាំទ្រ និងលើកកម្ពស់ឱកាសស្មើភាពគ្នាក្នុងសង្គមកម្ពុជា ដែលស្ត្រី និងបុរសអាចទទួលបានភាពជោគជ័យស្មើគ្នាក្នុងអាជីពរបស់ពួកគេ និងពង្រីកសក្តានុពលរបស់ពួកគេឲ្យបានពេញលេញ»

ទន្ទឹមជាមួយគ្នា លោកស្រី កុយ ពិសី ប្រធានគណៈកម្មការស្ដ្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំទិវារត់ប្រណាំងស្ដ្រី និងកីឡានេះឡើង ដើម្បីបំផុសចលនាស្រ្ដីក្នុងវិស័យកីឡា ក៏ដូចជាការលើកកម្ពស់ស្ដ្រីក្នុងសង្គមជាតិទាំងមូល មានន័យថា ទាំងបុរស និងស្ដ្រី គឺមិនអាចខ្វះគ្នាបានឡើយ ផ្ទុយទៅវិញ គឺត្រូវការកម្លាំងរួបរួមគ្នា ទាំងបុរស និងស្ដ្រី ដើម្បីបង្កើតបាននូវសង្គមមួយប្រកបដោយសុខដុមរមានក្រោបម្លប់សន្ដិភាព ដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ។

ថ្នាក់ដឹកនាំស្ដ្រី នៃចលនាអូឡាំពិកកម្ពុជាដដែល បានសង្កត់ធ្ងន់ថា «ស្ដ្រីមានសក្ដានុពលសំខាន់ណាស់ ទាំងក្នុងគ្រួសារ និងសង្គមជាតិរបស់យើង ។ ក្រៅពីការលេងកីឡា ស្ដ្រីក៏ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយក៏ជាឆ្អឹងខ្នងនៃការអប់រំប្រៀនប្រដៅកូនចៅក្នុងគ្រួសារ ឲ្យក្លាយជាគ្រួសារមួយប្រកបដោយសុភមង្គលថ្កុំថ្កើនផងដែរ»