(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់សហរដ្ឋអាមេរិក Intel Corp កំពុងស្វែងរកការឧបត្ថម្ភបន្ថែមខ្ទង់ ៥ពាន់លានដុល្លារពីរដ្ឋាភិបាលអាឡឺម៉ង់ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបក្នុងស្រុក បន្ទាប់ពីការពន្យាពេលអស់ជាងមួយឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។

កាលពីឆ្នាំមុន Intel ទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាលអាឡឺម៉ង់ប្រហែល ៧ពាន់លានដុល្លារ ក្នុងការសាងសង់រោងចក្រលើទឹកដីប្រទេសនេះ ប៉ុន្តែត្រូវបានពន្យាពេលក្នុងការសាងសង់វិញក្រោមហេតុផលបញ្ហាសេដ្ឋកិច្ច ដោយឡែកចំពោះរបាយការណ៍ថ្មីនេះកំពុងបង្ហាញពីការស្វែងរកជំនួយបន្ថែមដើម្បីចាប់ផ្តើមគម្រោងរបស់ខ្លួន។

កំឡុងខែមីនា ឆ្នាំ២០២២ កន្លងទៅ Intel ធ្លាប់បានប្រកាសជ្រើសរើសប្រទេសអាឡឺម៉ង់ជាកន្លែងសម្រាប់ផលិតបន្ទះឈីបដ៏ធំរបស់ខ្លួនបន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការជំរុញកាវិនិយោគសរុប ៨៨ពាន់លានដុល្លារនៅទូទាំងទ្វីអឺរ៉ុប ដែលរួមមានការជំរុញរោងចក្រដែលមានស្រាប់នៅក្នុងប្រទេសអៀរឡង់ ការបង្កើតកន្លែងរចនា និងស្រាវជ្រាវនៅប្រទេសបារាំង និងកន្លែងវេចខ្ចប់ និងដំឡើងនៅអ៊ីតាលី។ យ៉ាងណាមិញគ្រាន់តែជាជំហានដំបូង Intel ត្រូវបានគេប៉ាន់ប្រមាណថា បានចំណាយអស់ខ្ទង់ ៣៣ពាន់លានដុល្លារ ដោយក្នុងនោះប្រហែល ៣១លានដុល្លារនៅក្នុងគម្រោសាងសង់រោងចក្រនៅអាឡឺម៉ង់។

យោងតាមខ្លឹមសារចេញផ្សាយបានបន្ថែមទៀតថា Intel រំពឹងថាប្រហែល ៤០ភាគរយនៃគម្រោងអាឡឺម៉ង់របស់ខ្លួននឹងត្រូវបានឧបត្ថម្ភធន ក្រោមច្បាប់ Chips របស់សហភាពអឺរ៉ុប ប៉ុន្តែឥឡូវនេះកំពុងបើកចំហចំពោះប្រភពជំនួយផ្សេងទៀតរបស់រដ្ឋាភិបាល រួមទាំងការបន្ធូរបន្ថយពន្ធ ឬការឧបត្ថម្ភធនថាមពលផងដែរ៕