(ភ្នំពេញ)៖ ម៉ូតូស៊េរីទំនើបៗ ប្រភេទអូតូ ត្រូវបានកត់សម្គាល់ឃើញមានកំណើនកើនឡើងច្រើន ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅរាជធានីភ្នំពេញ ខណ:ពេលដែលប្រទេសកម្ពុជាមានសន្តិភាព ស្ថិរភាព និងកំណើនប្រាក់ចំណូល។

បើយោងតាមអ្នកចែកចាយលក់ម៉ូតូនៅកម្ពុជាបានលើកឡើងថា តំរូវការម៉ូតូនៅតែជាជម្រើសទីមួយ នៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារតែតម្លៃ ពេលវេលា និងការថែទាំ។ ជាពិសេសការរីកចំរើននៃសេដ្ឋកិច្ចកម្ពុជា បានរុញច្រានអោយប្រាក់ចំណូលប្រជាជនម្នាក់ៗបន្តកើនឡើង បានបង្កើនអំណាចទិញ លើទីផ្សារម៉ូតូសេរ៊ីទំនើបៗ។

លោក Bastien SBROVAZZO អ្នកគ្រប់គ្រប់ក្រុមហ៊ុន Startec Dynamics បានលើកឡើងថា ប្រទេសកម្ពុជា គឺជា ទីផ្សារដែលមានសក្តានុពលនៅក្នុងតំបន់អាស៊ាន ដែលមានចំនួនអ្នកប្រើប្រាស់ម៉ូតូកើនឡើងជារៀងរាល់ឆ្នាំ។

លោកបញ្ជាក់បន្ថែមទៀតថា «ក្រុមហ៊ុន Startec Dynamics Inc. ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Startec Ltd ដែលជាក្រុមហ៊ុនបង្កើតឡើងនៅហុងកុងក្នុងឆ្នាំ ១៩៩៩ ដែលបានផ្តោតលើអាជីវកម្មម៉ូតូអស់រយៈពេលជាង២០ឆ្នាំមកហើយ ចាប់ពីការជួញដូរម៉ូតូ រហូតដល់ផលិតផល R&D ។ យើងបានដាក់ឱ្យដំណើរការប្រព័ន្ធចាក់ប្រេង ដែលបានអភិវឌ្ឍដោយខ្លួនឯងនៅឆ្នាំ២០១៩ នៅក្នុងប្រទេសចិន។ ឥឡូវនេះ យើងផ្តោតលើការលក់ម៉ូតូនៅក្នុងតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជា»

លោកពន្យល់បន្ថែមទៀតថា ក្រុមហ៊ុន Startec Dynamic Inc. គឺជាក្រុមហ៊ុនអន្តរជាតិមួយ ដែលផ្តោតលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មយានយន្ត។ យើងកំពុងច្នៃប្រឌិត ដើម្បីធ្វើអោយការបើកបរតាមផ្លូវមានសុវត្ថិភាព និង ងាយស្រួលជាងមុន។ មហិច្ឆិតារបស់យើងរបស់យើងគឺចូលរួមអភិវឌ្ឍវិស័យម៉ូតូកង់ពីរនៅកម្ពុជា មិនត្រឹមតែស្តង់ដារផលិតកម្មខ្ពស់ ប៉ុណ្ណោះទេ តែសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាផងដែរ។

លោកបន្តថា «យើងនឹងរំពឹងថា ការលក់ម៉ូតូរបស់ក្រុមហ៊ុននៅទីផ្សារកម្ពុជានឹងពេញនិយម ក្នុងចំណោមប្រជាជនកម្ពុជា ដោយសារយុទ្ធសាស្រ្តទីផ្សាររបស់យើងគឺ គុណភាពម៉ូតូ ដោយផ្អែកទៅការស្រាវជ្រាវ និង អភិវឌ្ឍនវានុវត្ត។ ចំពោះតម្លៃម៉ូតូវិញ ចន្លោះពី ៣០០០ ដុល្លារទៅ ៤០០០ដុល្លារក្នុងមួយគ្រឿង ទៅតាមម៉ាកនិមួយៗ។ ជាងនេះទៀត ក្រុមហ៊ុនមានគម្រោងបើករោងចក្រតម្លើងនៅក្នុងប្រទេស កម្ពុជា ជាមួយនឹងវិស្វករនៅក្នុងស្រុក និងក្រៅស្រុកផងដែរ»

ជាងនេះទៀត ចំពោះការងារ សង្គម និង បរិស្ថានវិញ គោលបំណងនៃការរៀបចំដំណើរកំសាន្ត ជុំវិញតំបន់បឹងទន្លេសាបជាមួយនឹងបង្ហាញនូវម៉ូតម៉ាក Calypso គឺការចូលរួមស្វែងយល់ប្រពៃណីបច្ចុប្បន្ន និងអនាគត របស់ប្រទេសកម្ពុជា យើងនឹងធ្វើដំណើរជុំវិញបឹងទន្លេសាប ដើម្បទស្សនា តំបន់ប្រវត្តិសាស្រ្តសំខាន់ៗ ដូចជានៅខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម និងជួបជាមួយបងប្អូនមួយចំនួនដែលពាក់ព័ន្ធនឹងវប្បធម៌ ប្រពៃណី និងរបៀបរស់នៅរបស់ពួកគេ នៅក្នុងជុំវិញតំបន់បឹងទន្លសាបនៅក្នុងប្រទេសកម្ពុជា។

បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ចំនួនរថយន្តដែលបានចុះបញ្ជីនៅកម្ពុជា បានកើនឡើងដល់ប្រមាណ ៩២០ ០០០គ្រឿង ខណៈម៉ូតូមានចំនួនប្រមាណ៥.២លានគ្រឿង។ ចាប់តាំងពីឆ្នាំ១៩៩៨ ចំនួនរថយន្តបានកើនឡើងពី ៦៥ ០០០ ដល់៩២០ ០០០ហើយចំនួនម៉ូតូបានកើនឡើងពី ២០០ ០០០ ទៅ៥.២លានគ្រឿង៕