(កូរ៉េ)៖ សមាជិកក្រុម BTS Jimin និង J-Hope បានផ្តល់ព័ត៌មានថ្មីៗដល់អ្នកគាំទ្ររបស់ពួកគេ អំពីស្ថានភាពសុខភាពរបស់ Jin បន្ទាប់ពីប៉ុន្មានថ្ងៃមុន នៅពេលដែលពួកគេបានទៅលេង Jin ដល់បន្ទាយកងទ័ព។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Music Mundial នៅថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៣។

Jin បាន​ចូល​បម្រើ​យោធា​ តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ជា​ថ្ងៃ​ដែល​លោក​ចាប់​ផ្ដើម​បំពេញ​កាតព្វកិច្ច​ ក្នុង​នាម​ជា​ពលរដ្ឋ​កូរ៉េ។ ដោយហេតុផលនេះ មិត្តរួមក្រុមរបស់លោកបានគិតថា ដល់ពេលដែលត្រូវទៅសួរសុខទុក្ខលោក ហើយស្វែងយល់ពីរបៀបដែល Jin បានថែទាំសុខភាពរយៈពេល ៣ខែកន្លងមកនេះ។ បន្ទាប់ពីសួរសុខទុក្ខមិត្តរួមក្រុមដល់បន្ទាយ ពួកគេក៏បានថតមួយសន្លឹក ដើម្បីជាភស្តុតាងដែលបង្ហាញថា សមាជិកទាំងបីនៅជាមួយគ្នាអស់រយៈពេលពីរបីម៉ោង។ រូបថតនេះ គឺជាកាដូរពិសេសសម្រាប់អ្នកគាំទ្រ (ARMY) ត្បិតថា តាំងពីចូលជួរកងទ័ពមក មិនមានរបាយការណ៍ណាមួយពីសមាជិកវ័យ ៣០ឆ្នាំ Jin នោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ ​​ក៏​ជាដំណឹង​សម្រាប់​អ្នក​គាំទ្រ​របស់លោក ​ដែល​បាន​ដឹង​ថា​ idol របស់គេធ្វើ​បាន​ល្អ​ហើយ​ មិន​មាន​ការ​លំបាក​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់ខ្លួននោះ​ទេ។ ការជូនដំណឹងពីស្ថានភាពរបស់ Jin ក្នុងជួរកងទ័ព គឺសរុបមកមានស្ថានភាពល្អប្រសើរ ទាំងការរស់នៅ និងហូបចុក ខណៈតារារូបនេះ នឹងត្រឡប់មកវិញឆាប់ៗនេះ បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា៕