(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានសហព័ន្ធបាល់បោះរទេះជនពិការកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយអត្តពលិក កីឡាបាល់បោះរទេះជនពិការកម្ពុជា និងអត្តពលិកប៉ារ៉ាហ្គេមទាំងអស់ ដែលកំពុងទទួលការហ្វឹកហាត់នៅមជ្ឈមណ្ឌលជាតិតេជោ (បឹងបៃតង) ក្នុងឱកាសរីករាយទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ២០២៣។

ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានប៉ារ៉ាឡាំពិកកម្ពុជា, ទេសរដ្ឋមន្រ្តី បានជម្រុញឲ្យអត្តពលិកជនពិការទាំងអស់ ត្រូវបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ទាំងកម្លាំងកាយ កម្លាំងចិត្ត និងបច្ចេកទេស ជាពិសេសត្រូវបង្កើនស្មារតីជាក្រុម និងសាមគ្គីភាព ដើម្បីត្រៀមចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

ទេសរដ្ឋមន្រ្តី បានកោតសរសើរដល់ក្រុមនារីបាល់បោះរទេះជនពិការកម្ពុជា ដែលបានដណ្តើមមេដាយមាសជូនជាតិមាតុភូមិ ព្រមទាំងជូនពរឲ្យក្រុមអត្តពលិកបាល់បោះរទេះជនពិការ ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ។

ក្នុងឱកាសចុះសួរសុខទុក្ខ ទេសរដ្ឋមន្រ្ទី បាននាំយកនូវទឹកសុទ្ធ ៤០០ យូរ និង ១០០ កេសធំ, នំភីហ្សា និងថវិកាមួយចំនួន ប្រគល់ជូនដល់ក្រុមអត្តពលិកប៉ារ៉ាហ្គេមផងដែរ៕