(បរទេស)៖ កីឡាករបាល់ទាត់លំដាប់ពិភពលោក Lionel Messi ត្រូវបានរាយការណ៍មកថា បានសហការជាមួយផលិតកម្ម «Sony Music Entertainment» ដើម្បីផលិតរឿងភាគស៊េរីគំនូរជីវចល (Animated Series) បន្ទាប់ពីឈ្នះ «World Cup 2022» នៅប្រទេសកាតា កាលពីពេលថ្មីៗនេះ។ រឿងភាគនេះ នឹងនិយាយពីកុមារភាពរបស់ Messi ជាពិសេសការប្រឈមមុខនឹងឧបសគ្គផ្សេងៗ។ នេះបើតាមការចេញផ្សាយ ពីគេហទំព័រព័ត៌មាន Goal។

Lionel Messi ដែលជាម្ចាស់ពានបាល់មាស «World Cup» នៅកាតាឆ្នាំ២០២២ បានបង្ហាញពីក្តីរំភើបចំពោះគម្រោងនេះ តាមរយៈការបង្ហោះសារផ្លូវការមួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយនិយាយថា «តាំងពីខ្ញុំនៅក្មេងមក ខ្ញុំតែងតែចូលចិត្តរឿងគំនូរជីវចល ហើយកូនរបស់ខ្ញុំ គឺជាអ្នកគាំទ្រតួអង្គគំនូរជីវចលធំៗ។ ការដែលបានចូលរួមក្នុងគម្រោងគំនូរជីវចលនេះ ធ្វើឲ្យខ្ញុំសប្បាយចិត្ត ព្រោះវាបានបំពេញក្តីសុបិនរបស់ខ្ញុំ! ខ្ញុំសូមអរគុណ Sony Music ដែលបានចូលរួមក្នុងគម្រោងនេះ ហើយយើងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងចូលចិត្តលទ្ធផល ជាពិសេសក្មេងស្រី និងក្មេងប្រុស»

ងាកមកអនុប្រធានប្រតិបត្តិរបស់ Sony Music Entertainment លោក Fernando Cabral បានបន្ថែមថា «វាគឺជាសិទ្ធិរបស់ Sony Music ក្នុងការសហការជាមួយ Lionel Messi លើគម្រោងនេះ ដើម្បីបង្ហាញពីថាមពល និងមេរៀននៃកីឡាក្នុងភាពជាដៃគូ ជាមួយកីឡាករបាល់ទាត់ដ៏អស្ចារ្យ និងជាអត្តពលិកដ៏អស្ចារ្យបំផុតម្នាក់ ក្នុង​ប្រវត្តិសាស្ត្រ»៕