(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែមីនានេះ បានធ្វើការជួបជុំសំណេះសំណាលជាមួយកីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា ដែលកំពុងបោះខិតខំប្រឹងប្រែងហ្វឹកហាត់ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីជំរុញ និងលើកទឹកចិត្តបន្ថែម ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

ក្នុងឱកាសខួបលើកទី១១២ នៃទិវាសិទ្ធិអន្ដរជាតិ ៨មីនានេះ ថ្នាក់ដឹកនាំសហព័ន្ធខាងលើ បានបង្ហាញការគោរពស្រលាញ់ និងកោតសរសើរ ចំពោះកីឡាការិនីរបស់ខ្លួន ក៏ដូចជាកីឡាការិនី នៃប្រភេទកីឡាផ្សេងៗ ដែលបានលះបង់ និងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីកិត្តិយសជាតិ តាមរយៈការចូលរួមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ។

តាមរយៈកម្មវិធីជួបសំណេះសំណាលនេះដែរ លោកបានចាត់ទុកជាផ្នែកមួយ ដើម្បីបង្ហាញការគោរពសិទ្ធិស្ដ្រី ជាមួយរាជរដ្ឋាភិបាល ដ្បិតនៅកម្ពុជា មិនថាក្នុងវិស័យកីឡា គឺស្ដ្រីមានការងារគ្រប់ទីកន្លែង មិនថាក្នុងជួររាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ និងវិស័យឯកជន ពោលគឺស្ដ្រីខ្មែរ មានភាពខ្លាំងពូកែ ជាក់ស្ដែងក្នុងវិស័យកីឡាទៀតសោត កីឡាការិនីតែងដណ្ដើមមេដាយមានជូនជាតិជារឿយៗ មិនចាញ់កីឡាករឡើយ ។

លោកបន្ដថា «នេះគឺជាការបង្ហាញភាពខ្លាំង និងភាពជឿលឿនរបស់ស្ដ្រីខ្មែរថា ពួកគាត់ក៏អាចធ្វើបាន មិនមែនដូចពាក្យគេនិយាយថា ស្ដ្រីបង្វិលចង្ក្រាន្ដមិនជុំនោះទេ ប៉ុន្ដែស្ដ្រីសម័យឌីជីថល សម័យទំនើប សម័យសន្ដិភាព គឺពួកគាត់អាចធ្វើបាន ជាក់ស្ដែងក្រៅពីហ្វឹកហាត់កីឡា ពួកគាត់ក៏មានភារកិច្ចធ្វើការងារផ្ទះ ធ្វើម្ហូប មើលកូន និងការងារជាច្រើនទៀត ដែលលើសពីអ្វីដែលបុរសធ្វើបានទៅទៀត»

ក្នុងន័យនេះ លោកបានជំរុញ និងលើកទឹកចិត្តឲ្យមានការគោរពឲ្យតម្លៃស្ដ្រី ពិសេសស្ដ្រីក្នុងវិស័យកីឡា ដែលទាមទារការលើកទឹកចិត្ដខ្លាំង ទោះបីទទួលបានលទ្ធផលបែបណាក៏ដោយ ព្រោះពួកគេបានលះបង់ច្រើនណាស់ ក្នុងការជម្នះរណាំងគ្រួសារ និងសង្គម ដើម្បីវិស័យកីឡា ដើម្បីលើកមុខមាត់ប្រទេសជាតិ ពិសេសដើម្បីត្រៀមឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខ ៕