(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិនារី U20 មីយ៉ាន់ម៉ា ដោយលទ្ធផល ២-០ ក្នុងជំនួបបើឆាកពូល G នៃវគជម្រុះជុំទី១ ពានរង្វាន់ AFC U20 Woman's Asian Cup 2024 នៅប្រទេសអ៊ុយបេគីស្ថាន មុននេះបន្ដិច នៅកីឡដ្ឋាន Smart RSN រាជធានីភ្នំពេញ ។

ជំនួបដ៏ស្វិតស្វាញខាងលើ ក្រុមទាំងពីរ បានរក្សាលទ្ធផលស្មើគ្នា ០-០ នៅវគ្គទី១ មុនកីឡាការិនី Sandar Lin រកបានគ្រាប់បាល់នាំមុខម្ចាស់ផ្ទះកម្ពុជា ១គ្រាប់ នៅនាទី៥០។ បន្ទាប់មកខ្សែការពារ សំរឹទ្ធ និមល បានទាត់បាល់ផ្លាតចូលទីខ្លួនឯង (Own Goal) ១គ្រាប់ទៀតនៅនាទី៦៤ ដែលធ្វើឲ្យក្រុមមីយ៉ាន់ម៉ា បង្កើនការនាំមុខ ២-០ ហើយបានរក្សាលទ្ធផលនេះ ដល់ចប់ការប្រកួតតែម្ដង ។

ការរបូត ៣ពិន្ទុថ្ងៃដំបូងនេះ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា សល់ឱកាសតិចតួចបំផុត ក្នុងការប្រជែងកៅអីវគ្គបន្ដ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់នារីអាយុក្រោម ២០ឆ្នាំប្រចាំទ្វីបអាស៊ីនេះ ដ្បិតនៅសល់តែ ១ប្រកួតទៀតប៉ុណ្ណោះ ដោយត្រូវជួបក្រុមជម្រើសជាតិនារី U20 ម៉ាឡេស៊ី នាថ្ងៃទី១០-មីនា មុនជំនួបបញ្ចប់ពូល G រវាងមីយ៉ាន់ម៉ា និងម៉ាឡេស៊ី នាថ្ងៃទី១២ ខែមីនា ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Smart RSN របស់ក្លិបភ្នំពេញក្រោនតែមួយគត់ ៕