(ឡុងដ៍)៖ កីឡាករ Bruno Fernandes នឹងនៅតែបន្តធ្វើជាប្រធានក្រុម Manchester United ក្នុងពេលដែល Harry Maguire អវត្តមាន បើទោះបីជារងការរិះគន់ ទៅលើទម្រង់លេងរបស់លោក ក្នុងការប្រកួតចាញ់៧-0 ក្រោមថ្វីជើងក្រុម Liverpool ក្តី, នេះបើតាមសម្តីអ្នកចាត់ការ Erik ten Hag បានលើកឡើង មុនការប្រកួតជម្រុះ Europa League ប៉ះក្រុម Real Betis, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។

Man United បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ដោយមិនធ្លាប់ចាញ់សោះចំនួន ១១ប្រកួត ប៉ុន្តែបានទទួលរងបរាជ័យដ៏អាក្រក់របស់ក្លិប ចាប់តាំងពីធ្លាប់ចាញ់ ៧-0 ក្រោមថ្វីជើងក្រុម Wolverhampton Wanderers កាលពីឆ្នាំ១៩៣១, ជាមួយនឹងអតីតកីឡាករមួយចំនួន បានលើកឡើងថា Fernandes អាចនឹងបាត់បង់ភាពជាប្រធានក្រុម ដោយសារតែទម្រង់លេងមិនល្អ។

នៅពេលដែលសួរថា តើខ្សែបម្រើ Fernandes នឹងបន្តដឹកនាំក្រុមបន្តទៀតទេ នៅពេលដែលមានតម្រូវការ, លោក Ten Hag បានឆ្លើយតបប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធថា «ប្រាកដណាស់ ខ្ញុំគិតថា គាត់កំពុងលេងក្នុងរដូវកាលដ៏អស្ចារ្យ ហើយគាត់បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកន្លែងដែលយើងកំពុងនៅ», នេះបើតាមសម្តីអ្នកចាត់ការសញ្ជាតិហូឡង់ បានបន្ថែម។

បញ្ជាក់ផងថា ក្លិប Manchester United និងប៉ះជាមួយក្រុម Real Betis ក្នុងពានរង្វាន់ Europa League វគ្គ ១៦ក្រុមជើងទី១ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ៕