(សេអ៊ូល)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ដែលទើបត្រូវបានតែងតាំងនាពេលថ្មីៗនេះ លោក Juergen Klinsmann បានកំណត់គោលដៅដំបូង សម្រាប់ការដឹកនាំក្រុមរបស់លោក បន្ទាប់ពីបានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Incheon នៅថ្ងៃពុធ, បានលើកឡើងថា លោកចង់បញ្ចប់គ្រោះរាំងស្ងួត នៃពានរង្វាន់ Asian Cup ដែលមានរយៈពេលជាង ៦០ឆ្នាំកន្លងទៅ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ Klinsmann មានវ័យ ៥៨ឆ្នាំ បានចុះកិច្ចសន្យា ដឹកនាំក្រុមកូរ៉េខាងត្បូង រហូតដល់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដោយបានស្នងតំណែងបន្ទាប់ពីលោក Paulo Bento ដែលបានលាលែងពីតំណែង កាលពីខែធ្នូ ឆ្នាំមុន បន្ទាប់ពីការបរាជ័យ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៅព្រឹត្តិការណ៍ World Cup 2022 ដែលក្រុមកូរ៉េខាងត្បូង ធ្លាក់ចេញដោយថ្វីជើងក្រុមប្រេស៊ីល នៅប្រទេសកាតា។

កូរ៉េខាងត្បូង បានឈ្នះពានរង្វាន់ Asian Cup ជាលើកដំបូងរបស់ពួកគេក្នុងឆ្នាំ១៩៥៦ និងបានឈ្នះពានរង្វាន់នេះចុងក្រោយ នៅពេលដែលពួកគេ ធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍នេះ កាលពីឆ្នាំ១៩៦០។ ពួកគេបានទទួលកៅអីរួចទៅហើយ សម្រាប់ព្រឹត្តិការណ៍នេះក្នុងឆ្នាំ២០២៣ ដែលនឹងធ្វើឡើងនៅប្រទេសកាតា ខណៈព្រឹត្តិការណ៍នេះ បានពន្យារពេលរហូតដល់ខែមករា ឆ្នាំក្រោយ។

លោក Klinsmann បានប្រាប់អ្នកសារព័ត៌មានថា «គោលដៅរបស់យើង គឺដណ្តើមពានរង្វាន់ Asian Cup នៅឆ្នាំក្រោយ»

សូមជម្រាបថា លោក Klinsmann ជាអតីតធ្លាប់បានឈ្នះពានរង្វាន់ World Cup ឆ្នាំ១៩៩០ ក្នុងពេលមានអាជីពជាកីឡាករ និងបានធ្វើជាគ្រូបង្វឹក ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដឹកនាំក្រុមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup កាលពីឆ្នាំ២០០៦ ផងដែរ។

ការដឹកនាំប្រកួតដំបូង របស់លោក Klinsmann ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង គឺនឹងធ្វើជាម្ចាស់ផ្ទះ ប្រកួតលក្ខណៈមិត្តភាព ជាមួយក្រុមកូឡុំប៊ី នៅថ្ងៃទី២៤ ខែមីនាខាងមុខ ហើយបន្តលេងជាមួយក្រុមអ៊ុយរូហ្គាយ ដែលការប្រកួតធ្វើឡើងនាទីក្រុង អ៊ុលសាន និងសេអ៊ូល៕