(អាល់ហ្សេរី)៖ ខ្សែការពារក្លិបអាល្លឺម៉ង់ Werder Bremen កីឡាករ Mitchell Weiser ខិតជិតនឹងលេងតំណាងឲ្យក្រុមបាល់ទាត់ជម្រើសជាតិអាល់ហ្សេរី, នេះបើយោងតាមរបាយការណ៍មួយ ដែលបានចេញផ្សាយ ដោយទស្សនាវដ្តីអាល្លឺម៉ង់ Kicker នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។

Weiser អាចលេងតំណាងឲ្យអាល់ហ្សេរី បានដោយសារជាប្រទេសដើមកំណើតម្តាយរបស់លោក នេះបើតាមទស្សនាវដ្តី Kicker បានបញ្ជាក់។

ជាមួយគ្នានោះ អ្នកនាំពាក្យរបស់សហព័ន្ធបាល់ទាត់អាល់ហ្សេរី បានបដិសេធ ក្នុងការបកស្រាយអំពីរបាយការណ៍ ដែលបានចុះផ្សាយនេះថា, លោក Saleh Bey Abboud បានប្រាប់អ្នកសារព័ត៌មានថា «យើងកំពុងដោះស្រាយ ជាមួយនឹងបញ្ហានេះដោយសម្ងាត់ ហើយនឹងមិននិយាយពីវានោះទេ យើងនឹងទុកឲ្យគ្រូបង្វឹក Djamel Belmadi ធ្វើការងារនេះ ជាមួយនឹងការបង្ហាញក្រុមជម្រើសជាតិថ្មី»

Weiser បានចូលរួមប្រកួតចំនួន ៤០លើកជាមួយក្រុមយុវជនអាល្លឺម៉ង់ និងបានឈ្នះពានរង្វាន់ European Championship ជាមួយនឹងក្រុម U-21 ក្នុងឆ្នាំ២០២១, ប៉ុន្តែមិនធ្លាប់ទទួលបានការកោះហៅណាមួយសម្រាប់ការលេងឲ្យក្រុមជម្រើសជាតិឈុតដំបូងនោះទេ។

សហព័ន្ធបាល់ទាត់អាល់ហ្សេរី បានមានទំនាក់ទំនងរួចហើយ ជាមួយនឹងខ្សែការពារស្តាំ មានវ័យ ២៨ឆ្នាំរូបនេះ ប៉ុន្តែការចូលរួមជាមួយក្រុម គឺផ្អែកទៅលើគម្រោងរបស់គ្រូបង្វឹក Djamel Belmadi ថាតើនីតិវិធីផ្លូវការ សម្រាប់ការទទួលបានសញ្ជាតិ អាចធ្វើបានលឿនកម្រិតណា។

សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិអាល់ហ្សេរី កំពុងឈរនៅកំពូលតារាងពូល F នៃការប្រកួតវគ្គជម្រុះ Nations Cup ដោយមាន ៦ពិន្ទុ ក្រោយឆ្លងកាត់ការលេងបាន ២ប្រកួត ហើយនឹងត្រូវប៉ះក្រុមនីហ្សេ (Niger) នៅថ្ងៃទី២៣ និង២៧ ខែមីនាខាងមុខនេះ៕