(កំពង់ធំ)៖ ព្រឹត្តិការណ៍រត់កម្សាន្តចម្ងាយ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រអបអរសាទរពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៩ ខែ មិនា ឆ្នាំ២០២៣ គឺមានកីឡាករ ប្រជាពលរដ្ឋ មន្រ្តីរាជការ យុវជន និងសិស្សានុសិស្សចូលរួមជាង៣០០នាក់។

លោក វ៉ាត់ ចំរើន រដ្ឋលេខាលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២នៃពិធីបុណ្យទន្លេនេះ ប្រភេទកីឡារត់ចម្ងាយ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្របានដំណើរការដោយអ្នកចូលរួមរត់ទាំងអស់មានទឹកមុខសប្បាយរីករាយ និងពុំមានអ្វីកើតឡើងជាឧបសគ្គទាំងសុវត្ថិភាពនិងការរៀបចំ ពោលគឺការរត់បានបញ្ចប់ទៅដោយរលូន។

លោករដ្ឋលេខាធិការបានគូបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាប្រកួតអបអរសារទរពិធីបុណ្យទន្លេលើកទី៧ គិតមកត្រឹមថ្ងៃទី៩ ដែលជាថ្ងៃទី២នេះ ប្រភេទកីឡាជាច្រើនដូចជាប៉េតង់ បាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ បាល់ទាត់លើតុ បានដំណើរប្រកួតជម្រុះជាបន្តបន្ទាប់ហើយ ខណៈកីឡាគុនខ្មែរនិងដំណើរប្រកួតនៅថ្ងៃទី១០ស្អែកនេះ។

លោករដ្ឋលេខាធិការរូបនេះបានពន្យល់ទៀតថា ពិធីបុណ្យទន្លេលើកទី៧នេះ គឺជាបុរេព្រឹត្តិការណ៍មួយដែលស្តារឡើងវិញនៅសេដ្ឋកិច្ចសង្គម និងសកម្មភាពសង្គមឡើងវិញផងដែរ។ អ៊ីចឹងនេះជាគោលដៅរបស់ក្រសួងទេសរណ៍ក៏ដូចជាគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការស្តារគ្រប់វិស័យទាំងអស់ឲ្យមានការរីកចម្រើន។

អ្នកគ្រូ ប្រាក់ សាវឿ មកពីវិទ្យាល័យកំពង់ធំ បានលើកឡើងថា ការបង្កើតព្រឹត្តិការណ៍កីឡារត់នេះបានធ្វើឲ្យប្រជាពលរដ្ឋនៅខេត្តកំពង់ធំសប្បាយរីករាយ និងទទួលបាននូវភាពស្រស់ស្រាយ ពិសេសគឺទទួលបានសុខភាពល្អទាំងអស់គ្នា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រកួត និងសម្តែងអបអរសាទរក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំរយៈពេ៣ថ្ងៃនេះ មានប្រភេទកីឡាចំនួន៦មានដូចជា កីឡាប៉េតង់ បាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ បាល់ទាត់លើក្តា រត់កម្សាន្ត៣និង៥គីឡូម៉ែត្រ និងប្រដាល់គុនខ្មែរ៕