(បរទេស)៖ ទីបំផុត Apple សម្រេចដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទ Apple Pay ជាលើកដំបូងនៅកូរ៉េខាងត្បូង បន្ទាប់ពីរយៈពេល ៨ឆ្នាំដែលបានដាក់ឱ្យដំណើរការ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។

ការឈានជើងមកដល់នៃសេវាកម្មទូទាត់ប្រាក់ក្នុងទឹកដីកំណើតរបស់ Samsung ក្រុមហ៊ុន Apple នៅមិនទាន់បញ្ជាក់នៅឡើយទេ ថាតើពេលណាទើបសេវាកម្មនេះត្រូវបានបើកដំណើរការជាផ្លូវការនោះ។ បើយោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ដើមឡើយ មុខងារ Apple Pay ត្រូវបានគេរំពឹងថា នឹងដាក់ឱ្យដំណើរការនៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មកម្លេះ ប៉ុន្តែដំណើរកានេះត្រូវបានពន្យាពេលដោយសារតែការទាមទាទៅលើលក្ខណ្ឌមួយចំនួនពីនិយតករក្នុងស្រុក គណៈកម្មការត្រួតពិនិត្យហិរញ្ញវត្ថុ (FSS)។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ Apple កំពុងសាកល្បងលើប្រតិបត្តិការ iOS 16.4 ថ្មីជាមួយនឹង Developer ដូច្នេះគេរំពឹងថា Apple ក៏អាចនឹងដាក់ដំណើរការ Apple Pay នៅកូរ៉េខាងត្បូងចន្លោះខែមេសាខាងមុខនេះផងដែរ៕