(ភ្នំពេញ)៖ បន្ទាប់ពីបានសម្ដែងប៉ះគ្នាជាលើកដំបូង ជាមួយនឹងតារាសម្ដែងចាស់វស្សា និងជាបុរសសង្ហាលោក លឹម ជាឡាយ ក្នុងខ្សែភាពយន្តខ្នាតខ្លីរឿង «និស្ស័យ» រួចមក ធ្វើឲ្យតារាពន្លកថ្មី ទើបតែបង្ហាញ​មុខក្នុងវិថីសិល្បៈ អ៊ុយ បូរីតា បានបង្ហាញចំណាប់អារម្មណ៍ ថានឹងពិចារណាចូលរួមសម្ដែងក្នុងខ្សែភាពយន្តខ្នាតធំ ប្រសិនបើមានផលិតករភាពយន្តណាទាក់ទងមករូបនាង និងផ្ដល់ឱកាសឲ្យសម្ដែងក្នុងភាពយន្តណាមួយ។

តារាសម្ដែងពន្លកថ្មី អ៊ុយ បូរីតា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ការងារសិល្បៈ គឺនាងចូលចិត្ត ប៉ុន្តែពុំដែលមានឱកាសនៅក្នុងការបញ្ចេញសមត្ថភាព ឲ្យមហាជនបានឃើញឡើយ ដោយសារតែជាប់រវល់នឹងការងាររកស៊ី ជាពិសេសគឺការបើកក្រុមហ៊ុន BCVT Trading ដែលរូបនាងជាអគ្គនាយិកា ត្រូវមើលការខុសត្រូវច្រើន។ នាងបន្តថា ដោយសារតែការស្រឡាញ់ចូលចិត្តវិស័យសិល្បៈ ជាពិសេសការសម្ដែង និងចង់ដឹងពីសមត្ថភាពរបស់ខ្លួនផងនោះ ទើបសម្រេចចិត្តសម្ដែងជាតួអង្គឆ្នាស់ឆ្នើម ដែលត្រូវនឹងអត្តចរិតពិតរបស់ខ្លួន ក្នុងរឿង «និស្ស័យ» ដែលមានលោក លឹម ជាឡាយ ជាតួឯកប្រុសជួយណែនាំបន្ថែម។

យ៉ាងណាមិញ បន្ទាប់ពីបានបញ្ចេញសមត្ថភាពរបស់ខ្លួនជាលើកដំបូង នឹងមានការគាំទ្រ ហើយលើកទឹកចិត្តពីសំណាក់តារាសម្ដែងដូចគ្នា ជាពិសេសគឺលោក លឹម ជាឡាយ ជាដៃគូរួចមក តារាសម្ដែង អ៊ុយ បូរីតា បានបង្ហាញមហិច្ឆតាចង់សម្ដែងភាពយន្តខ្នាតធំ ហើយបើមានផលិតករណាទាក់ទង គឺនាងនឹងពិចារណា។

ងាកមកតារាសម្ដែង លឹម ជាឡាយ ត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាតារាប្រុសពូកែសម្ដែងជាមួយតួអង្គស្រី ដែលមានលក្ខណៈកាចឆ្នាស់ឆ្នើម ខណៈដែលខ្សែភាពយន្ដភាគ និងខ្សែភាពន្ដខ្នាតធំ សម្រាប់ចាក់តាមរោងកុនជាច្រើន ដែលលោកធ្លាប់សម្ដែងសុទ្ធតែប៉ះតួអង្គស្រីល្បីៗ ហើយមានទេពកោសល្យខ្ពស់ក្នុងការសម្ដែងដូចគ្នា។

ដោយឡែក ការដាក់ខ្លួនចូលសម្ដែងជាតួអង្គឯក ក្នុងខ្សែភាពយន្ដភាគរឿង «និស្ស័យ» ជាមួយនឹងតារាថ្មីថ្មោង អ៊ុយ បូរីតា នៅពេលនេះត្រូវបានតារាសម្ដែងអាជីព លឹម ជាឡាយ បង្ហើបពីលក្ខណៈសម្បត្ដិរបស់តួអង្គស្រីថា អ្នកនាង អ៊ុយ បូរីតា ហាក់នៅខ្លាចកាមេរ៉ា តែតួស្រីរូបនេះមានភាពក្លាហាន អាចលេងរហូតដល់ចប់នៃឈុតនីមួយៗ។ លោកជឿថា អ្នកនាង អ៊ុយ បូរីតា នឹងសម្ដែងបានកាន់តែល្អ សម្រាប់គម្រោងថត ៥ភាគចុងក្រោយ ក្នុងរឿង «និស្ស័យ»

លោក លឹម ជាឡាយ និយាយថា «និយាយទៅនេះជាលើកទី១ ដែលខ្ញុំជួបគាត់ (អ៊ុយ បូរីតា) ហើយគាត់ក៏ទើបតែសម្ដែងលើកទី១ដែរ តែខ្ញុំមើលទៅគាត់ល្អច្រើនក្នុងអាជីពសម្ដែង បើទោះបីជាពេលនេះនៅខ្វះខាតខ្លះៗ ប៉ុន្តែភាគក្រោយៗសង្ឃឹមថា នឹងធ្វើបានល្អ ហើយអនាគតទទួលបានគាំទ្រច្រើនពីទស្សនិកជន»

តារារះថ្មី អ៊ុយ បូរីតា និងជាអគ្គនាយិកាក្រុមហ៊ុន BCVT Trading ផងនោះ បានបញ្ជាក់បន្ថែមក្នុងឱកាសម្ពោធបើកលក់ និងចែកចាយនូវសាប៊ូកក់សក់ Kesar L’amore នៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ថា តាមពិតទៅខ្លឹមសារ នៃរឿង «និស្ស័យ» គឺបានបង្កប់នូវរឿងពិតរបស់អ្នកនាងប្រហែលជា ៥០%ទៅហើយ ដែលខ្លួនបានខិតខំប្ដេជ្ញាចិត្ដ និងតស៊ូខ្លាំង មុនទទួលបានជោគជ័យលើមុខជំនួញ នាំសាប៊ូកក់សក់ពីប្រទេសអ៊ីតាលី មកលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា រហូតទទួលបានជោគជ័យដល់សព្វថ្ងៃ។

ចំណែកកញ្ញា ជុន សុធា ជាផលិតករ និងជាម្ចាស់ផលិតកម្ម «PDS Entertainment» បានថ្លែងបញ្ជាក់ឲ្យដឹងថា នាងពិតជាសប្បាយចិត្ត ក្នុងការចូលរួមសហការជាដៃគូផលិតនូវរឿងខ្លីភាគបែបថ្មី មានចំណងជើងថា «និស្ស័យ»។ សាច់រឿងនេះជាប្រភេទបែបឆ្មា និងកណ្តុរ ដែលតួឯកស្រី និងតួឯកប្រុសតែងតែឈ្លោះគ្នា និងមានភាពកំប្លុកកំប្លែង លាយឡំ និងមនោសញ្ចេតនាស្នេហា។ នាងសង្ឃឹមយ៉ាងមុតមាំថា «PDS Entertainment» និងជួយឲ្យជំនួញរបស់បងប្អូន សេវាកម្ម ផលិតផលរបស់បងប្អូនមានភាពរីកចំរើនលឿន និងប្រឹក្សាយោបល់ជាច្រើន ក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលសម័យថ្មី។

ផលិតករ ជុន សុធា បានបន្តទៀតថា​​ នាងមានក្រុមការងារ ដែលមានសមត្ថភាពខ្ពស់ជាច្រើននាក់ ដោយសុទ្ធសឹងតែមានបទពិសោធន៍ ក្នុងវិស័យផលិតភាពយន្តខ្នាតធំ និងតូច។ ក្នុងនាមរូបនាងជាកូនខ្មែរមួយរូប នាងពិតជាសប្បាយចិត្ត ដែលអាចដើ​រលើវិថីសិល្បៈ និងបានយល់ដឹងជាច្រើនអំពីផ្នែកផលិត និងយល់ដឹងអំពីផ្នែកទីផ្សារតាមរយៈ PDS Entertainment។ សូមពុកម៉ែបងប្អូនជួយគាំទ្ររឿងភាគខ្លីនេះ ដើម្បីជាកំលាំងចិត្ត ផលិតនូវរឿងជាច្រើន ជូនបងប្អូនយើងបានទស្សនាបន្តទៀត៕