(បរទេស)៖ អ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់ Oscars លើកទី៩៥ បានឲ្យដឹងនាពេលថ្មីៗនេះថា ខ្លួនកំពុងរៀបចំក្រុមការងារមួយ សម្រាប់ដោះស្រាយលើឧប្បត្តិហេតុនឹកស្មានដល់នានា បន្ទាប់ពីឆ្នាំមុនមាន ហេតុការណ៍ទះកំផ្លៀងដ៏ល្បីរបស់ Will Smith លើ Chris Rock ដែលធ្វើឲ្យផ្អើលអស់មហាជននៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។

នេះត្រូវបានគេចាត់ទុកថា ជាលើកដំបូងហើយ សម្រាប់បណ្ឌិត្យសភាសិល្បៈ និងវិទ្យាសាស្ត្រភាពយន្ត ដែលបានបង្កើតក្រុមការងារខាងលើឡើង ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុណាមួយ កើតឡើងពេលកំពុងដំណើរការកម្មវិធី។ បើតាមលោក Bill Kramer នាយកប្រតិបត្តិនៃបណ្ឌិត្យសភា បានប្រាប់ទស្សនាវដ្តី Time ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ យ៉ាងដូច្នេះថា «វាគឺជាក្តីសង្ឃឹមរបស់យើង ដែលថាយើងនឹងត្រៀមខ្លួនសម្រាប់អ្វីទាំងអស់ ដោយសារតែឆ្នាំមុន យើងបានបើកចិត្តទូលាយ ចំពោះរឿងជាច្រើនដែលអាចកើតឡើងនៅ Oscars»។

បន្ទាប់ពីហេតុការណ៍នេះ អ្នករៀបចំ Oscars ត្រូវបានគេរិះគន់យ៉ាងខ្លាំង ចំពោះការអនុញ្ញាតឲ្យ Smith បន្តនៅក្នុងភ្នែកទស្សនិកជន និងទទួលបានពានរង្វាន់តារាសម្តែងល្អបំផុត បន្ទាប់ពីវាយប្រហារ Rock នៅលើឆាកជុំវិញរឿងកំប្លែងអំពីប្រពន្ធរបស់ Smith គឺ Jada Pinkett Smith។

លោក Kirshner បានសង្កត់ធ្ងន់ថា «យើងនៅទីនោះដើម្បីកម្សាន្ត និងដើម្បីរំលេចភាពយន្តដ៏អស្ចារ្យប្រចាំឆ្នាំ ដែលមនុស្សជាច្រើនបានទស្សនា ដែលពិតជាអស្ចារ្យសម្រាប់យើង»

ទោះជាយ៉ាងណាក៏ដោយ កម្មវិធីពានរង្វាន់អូស្ការ ត្រូវបានគេដឹងថា បានបាត់បង់អ្នកទស្សនាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង ដែលជាអ្នកលេងបណ្តាញសង្គម។ លោក Weiss បាននិយាយថា ក្រុមលោកកំពុងរៀបចំផែនការរៀបចំកម្មវិធីជាមួយនឹងពេលវេលា ដែលពួកគេសង្ឃឹមថានឹងសាយភាយដល់អ្នកលេង Twitter និង TikTok៕