(ប៊ែលហ្ស៊ិក)៖ លោក Scott Parker ត្រូវបានក្លិប Club Bruges ស្ថិតក្នុងលីគប៊ែលហ្ស៊ិក សម្រេចដកតំណែងចេញ ក្រោយដឹកនាំក្រុមជ្រុះចេញពីការប្រជែងពាន UEFA Champions League ត្រឹមវគ្គ ១៦ក្រុមនារដូវកាលនេះ, នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។

លោក Parker ទើបតែបានចូលកាន់តួនាទីអ្នកចាត់ការនេះកាលពីខែធ្នូ ឆ្នាំ២០២២ ដោយគិតមកដល់ពេលនេះលោកបានដឹកនាំក្រុម Bruges លេងបាន ១២ប្រកួតប៉ុណ្ណោះ និងលេងឈ្នះតែ ២ប្រកួតនោះទេ, នាមជាគ្រូបង្វឹកធ្លាប់ដឹកនាំក្រុម AFC Bournemouth និង Fulham។

មុនឈានដល់តំណាក់កាលនេះបុរសវ័យ ៤២ឆ្នាំសញ្ជាតិអង់គ្លេស បានដឹកនាំក្រុមក្លិប Bruges បានលេងចាញ់ក្លិប Benfica ៥-១ ក្នុងវគ្គ ១៦ក្រុមពានអឺរ៉ុប Champions League ដែលសរុបទាំង ២ជើងចាញ់លទ្ធផល ៧-១, ក្រោយមកក្លិបបានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លី នាថ្ងៃពុធថា «លោក Parker លែងបន្តជាគ្រូបង្វឹកទៀតហើយ»

រំលឹកផងថា លោក Scott Parker អាជីពជាគ្រូបង្វឹកដំបូងធ្លាប់ដឹកនាំក្រុម Fulham ចំនួន ១០៥ប្រកួត លេងឈ្នះ ៣៧លើក, ហើយបានបន្តទៅដឹកនាំក្រុម AFC Bournemouth លេងបាន ៥៥ប្រកួត ឈ្នះតែ ២៨ប្រកួត និងបានឡើងទៅលេងពានលីគ Premier League រដូវកាលមុន ប៉ុន្តែទទួលបានលទ្ធផលអាក្រកដោយដឹកនាំចាញ់ ៩-០ ក្រោមថ្វីជើងហ្សងក្រហម Liverpool កាលពីខែសីហា។

បញ្ជាក់ផងថា ក្លិប Club Bruges ជាក្រុមមួយជោគជ័យនៅក្របខណ្ឌលីគប៊ែហ្ស៊ិក Belgian Pro League ចំនួន ១៨លើក, ដោយឡែកតំណែងគ្រូថ្មីនៅមិនទាន់មានជម្រើសនោះទេ៕