(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុន ជីប ម៉ុង សហការជាមួយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានរៀបចំយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីផ្ដល់ជីវិតទីពីរដល់អ្នកត្រូវការសង្គ្រោះជីវិតបន្ទាន់ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ យុទ្ធនាការ «បរិច្ចាគឈាម សង្គ្រោះជីវិត» នេះ បានធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣។

យុទ្ធនាការ «បរិច្ចាគឈាមសង្គ្រោះជីវិត» ទទួលបានការគាំទ្រពីអ្នកស័្មគ្រចិត្តប្រមាណជាង ២០០នាក់ រួមមាន មន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា សមាជិកនៃសមាគមធនាគារនៅកម្ពុជា បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងបងប្អូនស្ម័គ្រចិត្តជាច្រើនទៀត។

លោក Han Peng Kwang ហេរញ្ញិក សមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត និងសប្បុរសជនទាំងអស់ ដែលបានចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមសង្គ្រោះជីវិតនេះ។ លោកថា សកម្មភាពនេះបានបង្ហាញពីកាយវិការមនុស្សធម៌ ក្នុងការចូលរួមជួយសង្គ្រោះជីវិតមនុស្ស និងបានចូលរួមចំណែកក្នុងលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមផងដែរ។

អ្នកស្រី ងិន លីដា ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន ជីប ម៉ុង បន្ថែមថា ការចាប់ដៃគ្នារៀបចំកិច្ចបរិច្ចាគឈាមលើកនេះ គឺឈរលើគោលដៅរួមគ្នារបស់ ជីប ម៉ុង និងសមាគមធនាគារនៅកម្ពុជា ក្នុងការរួមចំណែកជួយសង្គមជាតិ តាមរយៈការលើកកម្ពស់ចលនាមនុស្សធម៌នៃការបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីបំពេញតម្រូវការឈាម និងផុសស្មារតីប្រជាពលរដ្ឋបន្តចែករំលែកក្ដីស្រឡាញ់ និងជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ពូជសាសន៍ ឬសាសនាអ្វីឡើយ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ។ លោក ក៏បានអំពាវនាវឱ្យមានការគាំទ្របន្តទៀតតាមគ្រប់រូបភាពក្នុងយុទ្ធនាការផ្សេងៗក្នុងពេលខាងមុខ។

លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា៖ «កិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រឱសថណាផលិតបានទេ។ សូមកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាម បែរជាហួសពេល»

មានមតិបិទកម្មវិធី លោក អ៊ូ ចាន់តារា អគ្គលេខាធិការ ធនាគារជាតិនៃកម្ពុជា តំណាងលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានកោតសរសើរចំពោះការផ្តួចផ្តើម គំនិតបង្កើតកម្មវិធីនេះឡើង។

លោកបានបញ្ជាក់ថា៖ «កម្មវិធីបរិច្ចាគឈាម សង្គ្រោះជីវិតនេះ គឺជាការចូលរួមចំណែកបំផុសសកម្មភាពមនុស្សធម៌ បំពេញតម្រូវការឈាមប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍ ព្រមទាំងលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមសង្គ្រោះជីវិត»

បន្ថែមលើនេះ យុទ្ធនាការនេះគឺដើម្បីចូលរួមអបអរសាទរខួប អនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣។ លោកអគ្គលេខាធិការ ក៏បានលើកទឹកចិត្តដល់យុវជន និងសាធារណជនទាំងអស់ បន្តជួយគាំទ្រ និងចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះបន្តទៀត។

សូមបញ្ជាក់ដែរថា តម្រូវការឈាមប្រចាំថ្ងៃសរុបមានជាង ២៥០ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការឈាមទូទាំងប្រទេសមានប្រមាណជិត ១០ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនៗ ជិត២០% ហើយមជ្ឍមណ្ឌលជាតិផ្តល់ឈាម បានគ្របដណ្តប់ជាង ៧០%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។

ចំណែកការទទួលបានឈាមតាមរយៈសប្បុរសជន ដោយមិនគិតកម្រៃនិងដោយស័្មគ្រចិត្តឆ្លើយតបបានប្រហែលតែ ១០% តម្រូវការក្នុងប្រទេសប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០%នៃតម្រូវការ។ នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។

ក្នុងកម្មវិធីបរិច្ចាគឈាមខាងលើនេះ ចំពោះអ្នកដែលបានចូលរួមផ្ដល់នូវអំណោយជីវិត បានទទួលបានការថ្លែងអំណរគុណត្រលប់ទៅវិញពីខាងផ្សារទំនើប ជីប ម៉ុង, ហាងកាហ្វេ Starbucks Cambodia និង Fire Tiger ជាដើម បន្ថែមពីលើការចូលរួមសកម្មភាពសប្បុរសធម៌ ដើម្បីផ្ដល់ក្តីសង្ឃឹម និងជីវិតទីពីរទៅកាន់អ្នកដែរត្រូវការឈាម៕