(អាមេរិក)៖ កំពូលតារាចម្រៀង Lady Gaga នឹង​ត្រូវ​សម្តែងបទ​ចម្រៀង​ដែល​ជាប់​ឈ្មោះ​ក្នុង​កម្មវិធី​ «Oscar» ចំណងជើងថា «Hold My Hand» ក្នុងរឿង «Top Gun: Maverick» ប៉ុន្តែនៅពេលនេះស្រាប់តែមានការអះអាងថា នាងនឹងមិនបានឡើងសម្តែងនោះឡើយ ព្រោះមានកាលវិភាគរវល់ថតរឿង «Joker» នៅវគ្គបន្ត។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន International The News នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ដ៏ល្បី Oscars នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ ចុងសប្តាហ៍នេះហើយ ខណៈតារាចម្រៀងវ័យ៣៦ឆ្នាំ Lady Gaga ត្រូវបានអញ្ជើញឲ្យចូលរួម ប៉ុន្តែត្រូវបដិសេធការចំពោះការចូលរួមនេះ ដោយសារតែមានកាលវិភាគ ដ៏មមាញឹកក្នុងការថតរឿង «Joker» វគ្គបន្ត។

ដំណឹងនេះត្រូវបានបញ្ជាក់ដោយផលិតករអូស្ការ Glenn Weiss ហើយបានប្រកាសព័ត៌មាននេះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធទី ០៨ ខែមីនាកន្លងទៅ។ លោក Weiss បាននិយាយយ៉ាងដូច្នេះថា « យើងមានទំនាក់ទំនងល្អជាមួយ Lady Gaga ប៉ុន្តែនាងកំពុងស្ថិតនៅក្នុងកាលវិភាគមួយនៃការថតកុន ហើយនៅទីនេះយើងកំពុងផ្តល់កិត្តិយសដល់ឧស្សាហកម្មភាពយន្ត និងអ្វីដែលវាត្រូវការដើម្បីធ្វើភាពយន្ត»។

លោកថា «ក្រោយ​គិតរួចរាល់ ហាក់​មិន​មាន​អារម្មណ៍​ថា ​នាង​អាច​ទទួល​បាន​ការ​សម្ដែង ​ដល់​កម្រិត​ដែល​យើង​ធ្លាប់​ធ្វើ​ជាមួយ​នាងនោះ​ទេ។ ដូច្នេះនាងនឹងមិនសម្តែងក្នុងកម្មវិធីនោះទេ...»។ ត្បិតថា បទចម្រៀងដែលត្រូវបានតែងតាំងទាំងអស់ ជាធម្មតាត្រូវបានសម្តែងក្នុងអំឡុងពេលពិធីជារៀងរាល់ឆ្នាំ។

គួរជម្រាបថា Gaga បានសម្តែងចុងក្រោយនៅក្នុងកម្មវិធី Oscars ឆ្នាំ២០១៩ ដែលបទចម្រៀងរបស់នាង Shallow ពី A Star Is Born បានឈ្នះពានរង្វាន់ Original Song ល្អបំផុត។ នាងក៏ត្រូវបានតែងតាំងក្នុងឆ្នាំនោះ សម្រាប់តារាសម្តែងឆ្នើម ហើយក៏ទទួលបានពានរង្វាន់ Original Song ល្អបំផុតក្នុងឆ្នាំ២០១៦ សម្រាប់បទ «Til It Happens to You» ពីរឿង «The Hunting Ground»៕