(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ០៩ ខែមីនា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំស្តីពី «ការត្រួតពិនិត្យបញ្ជីឈ្មោះ កីឡាករ កីឡាការនី ទទួលជ័យលាភីមេដាយមាស ត្រូវបញ្ចូលក្នុងក្របខណ្ឌនគរបាលជាតិ» ក្រោមអធិបតីភាព លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ទោ យិត ភីរ: អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

លោក សរ សិទ្ធិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការងារការចាត់បញ្ជូនកីឡាករ កីឡាការនីទៅចូលរួមប្រកួត រហូតដល់ដំណាក់កាលរៀបចំបញ្ជីឈ្មោះកីឡាករ កីឡាការនីជ័យលាភីមេដាយមាស ពីការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដើម្បីបញ្ចូលក្នុងក្របខណ្ឌនគរបាលជាតិ។

កិច្ចការងាររៀបចំបញ្ជីឈ្មោះកីឡាករ កីឡាការនី ត្រៀមបញ្ចូលក្នុងក្រខ័ណ្ឌនគរបាលជាតិ សម្រេចទៅបានស្ទើរតែ ១០០ភាគរយហើយ ពោលគឺនៅតែបញ្ជូនឯកសារគោរព ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចតែប៉ុណ្ណោះ។

លោកអនុរដ្ឋលេខាធិការ បានបន្តទៀតថា ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២កន្លងទៅ ក្រសួងមហាផ្ទៃ ទទួលបានជោគជ័យយ៉ាងធំធេង បន្ទាប់ពីដណ្តើមបានមេដាយយ៉ាងច្រើនក្រាស់ក្រែល ពីការប្រកួតក្នុងនោះមេដាយសរុបចំនួន២១១គ្រឿង រួមមាន៖ មេដាយមាស១០៣គ្រឿង មេដាយប្រាក់៥៨គ្រឿង និងមេដាយសំរឹទ្ធ៥០គ្រឿង ជួយឱ្យក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ១ទូទាំងប្រទស ហើយក្នុងរយៈកាលកន្លងមកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតក្នុងការផ្តល់ក្របខ័ណ្ឌនគរបាលជាតិដល់កីឡាករ កីឡាការនីដែលជាជ័យលាភីមេដាយមាស ពីការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២។

លោកបានជំរុញឱ្យកីឡាករ កីឡាការនីដែលនឹងទទួលបានក្របខណ្ឌ ត្រូវតាំងចិត្តឱ្យបានមុតមាំ ក្នុងការបំពេញភារកិច្ចឱ្យបានល្អប្រសើរជូនអង្គភាព និងជាតិមាតុភូមិ។

លោកបានសង្កត់ធ្ងន់ទៀតថា ក្របខ័ណ្ឌដែលសម្តេចក្រឡាហោម ផ្តល់ជូននៅពេលនេះ គឺជាការផ្តល់ប្រាក់រង្វាន់ដ៏ធំធេង ពោលគឺពេញមួយជីវិត និងមានតម្លៃមហាសាល ជូនដល់កីឡាករ កីឡាការនី ដែលមានសមត្ថភាព ដូច្នេះហើយ ដើម្បីជាការតបស្នង ដល់គុណូបការៈដ៏ខ្ពង់ខ្ពស់របស់សម្តេចកីឡាករ កីឡាការនីទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ឱ្យបានខ្លាំងក្លា ដើម្បីឈានទៅប្រជែងយកមេដាយ ពីការប្រកួតទាំងក្នុងក្របខណ្ឌជាតិ និងឆាកអន្តរជាតិ ជាពិសេសការត្រៀមខ្លួនចូលរួមដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ។

លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការនី នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃទាំងអស់ ត្រូវបន្តរួបរួមសាមគ្គីផ្ទៃក្នុងជាធ្លុងមួយ ដើម្បីចូលរួមចំណែកអភិវឌ្ឈវិស័យកីឡានៅកម្ពុជា ឱ្យទទួលបាននូវភាពរីកចំរើន៕