(ស៊ូរ៉ាបាយ៉ា)៖ តុលាការឥណ្ឌូនេស៊ី បានកាត់ឲ្យមន្ត្រីការប្រកួតបាល់ទាត់ម្នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំកន្លះ, នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានរកឃើញថា លោកមានកំហុសនៃការធ្វេសប្រហែស បណ្តាលឲ្យមានហេតុការណ៍មួយ ក្នុងចំណោមហេតុការណ៍រត់ជាន់គ្នា នៅកីឡដ្ឋាន បណ្តាលឲ្យមានមនុស្សស្លាប់ច្រើនជាងគេបំផុត នៅលើពិភពលោក, នេះបើយោងតាមសារព័ត៌មាន CNA នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

កាលពីខែតុលា ឆ្នាំ២០២២ ការប្រកួតមួយ នៅទីក្រុង Malang ខេត្ត East Java រវាងក្រុម Arema FC និង Persebaya Surabaya បានបញ្ចប់ក្នុងភាពចលាចល ជាមួយនឹងអ្នកគាំទ្រ ១៣៥នាក់បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួស ដោយសារពួកគេរត់ភៀសខ្លួន ទៅកាន់ច្រកចេញ បន្ទាប់ពីប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើហ្វូងមនុស្ស។

មន្ត្រីការប្រកួតម្នាក់ ឈ្មោះ Abdul Haris ត្រូវបានរកឃើញថា មានកំហុស «ដោយសារការធ្វេសប្រហែសរបស់គាត់ បានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់» នេះបើតាមសម្តីចៅក្រម Abu Achmad Shiddqi Hamsya បានលើកឡើងក្នុងតុលាការ ក្នុងទីក្រុង Surabaya។ លោកត្រូវបានកាត់ឲ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះ។

ចៅក្រមក៏បានរកឃើញដែរថា មន្ត្រីសន្តិសុខម្នាក់ ឈ្មោះ Suko Sutrisno មានកំហុសនៃការធ្វេសប្រហែសរបស់លោក និងត្រូវកាត់ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ។

បុរសទាំងពីរ បានធ្វើការឲ្យក្លិប Arema FC ហើយត្រូវបានហាមឃាត់ ពីសកម្មភាពទាំងអស់ ទាក់ទងនឹងបាល់ទាត់ ពេញមួយជីវិត ដោយសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី។

ជាមួយគ្នានោះ មន្ត្រីប៉ូលិសចំនួន៣នាក់ ក៏ត្រូវបានចោទប្រកាន់ពីបទស្រដៀងគ្នានោះផងដែរ ហើយករណីរបស់ពួកគេ នឹងត្រូវសម្រេចនៅពេលក្រោយ៕