(បរទេស)៖ កម្មវិធីផ្ញើសារ WhatsApp គ្រោងដាក់ចេញមុខងារ Expiring Group ថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចកំណត់ទៅលើមុខងារលុប Group ដោយស្វ័យប្រវត្តិ ក្នុងគោលបំណងជួយរក្សាទំហំផ្ទុក (Storage) និងសម្អាតក្រុមដែលទុកចោលយូរ ខណៈបច្ចុប្បន្ននេះកំពុងស្ថិតក្នុងការសាកល្បង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។

ចំពោះមុខងារ Expiring Group នេះ WhatsApp នៅមិនទាន់បញ្ជាក់ពីពេលវេលាដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា ទំនងជាឆាប់ៗខាងមុខនេះដែលនឹងចេញមកជាមួយនឹង Version ថ្មីរបស់ WhatsApp គឺ 23.5.0.070 សម្រាប់ប្រើនៅលើ iOS។

ដើម្បីអាចកំណត់មុខងារនេះបានអ្នកប្រើប្រាស់អាចចូលទៅកំណត់នៅក្នុង Setting របស់ WhatsApp ជ្រើសយកពាក្យ WBI Group បន្ទាប់មកជ្រើសពាក្យ Expiring Groups និងកំណត់ទៅលើពេលវេលាដែលអ្នកចង់ឱ្យ Group នោះលុបចេញពីកម្មវិធីស្មាតហ្វូនរបស់អ្នកដោយស្វ័យប្រវត្តិ ដោយក្នុងនោះមាន ៤ជម្រើស In One Day, In One Week, Custom Date និង Remove expiration date។

គួរបញ្ជាក់ដែរថា មុខងារ Expiring Group នេះនៅពេលដែលអ្នកកំណត់កាលបរិច្ឆេទផុតកំណត់នោះ វានឹងអនុវត្តន៍តែសារផ្ទាល់ខ្លួនប៉ុណ្ណោះ ក្នុងករណី Group នោះមានសមាជិកច្រើននៅតែសកម្មវានឹងនៅតែមានសម្រាប់សមាជិកផ្សេងទៀតដដែល ដែលមិនបានកំណត់ទៅលើមុខងារនោះ៕