(តូរីន)៖ Paul Pogba ត្រូវបានដកឈ្មោះចេញពីក្លិប Juventus ក្នុងជំនួបទល់នឹងក្រុម Freiburg នៃពានអឺរ៉ុប UEFA Europa League នារាត្រីថ្ងៃព្រហស្បតិ៍ ក្រោមហេតុផលមិនគោរពវិន័យ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Live Score។

កីឡាករអន្តរជាតិបារាំងខាងលើនេះ ត្រូវបានគេរាយការណ៍ថា បានមកប្រជុំក្នុងក្រុមយឺតពេលកាលពីថ្ងៃពុធ ដែលបានធ្វើឲ្យរូបគេមិនស្ថិតក្នុងជម្រើសរបស់គ្រូបង្វឹក Massimiliano Allegri ឡើយក្នុងជំនួបជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយទល់នឹងក្រុមអាល្លឺម៉ង់ ដែលពួកគេបានយកឈ្នះ ១ទល់នឹង០។

នេះមានន័យថា Pogba បានខកខានចូលលេងប្រកួតទី៣ ឲ្យសេះបង្កង់នារដូវកាលនេះ ក្រោយពេលចុះកិច្ចសន្យាលេងឲ្យទ្រនំចាស់ Juventus បន្ទាប់ពីផ្ទេរចេញពី Manchester United នាខែកក្កដា ឆ្នាំ២០២២ រួចមក។

ខ្សែបម្រើវ័យ ២៩ឆ្នាំ Pogba បានញាំញីទៅដោយបញ្ហារបួសជាច្រើន និងត្រូវរង់ចាំដល់ថ្ងៃទី២៨ ខែកុម្ភៈទើបបានចូលលេង ក្នុងនាមកីឡាករបម្រុងទៀត ពេល Juventus យកឈ្នះ Torino ៤-២ និងប្តូរចូលចុងម៉ោងផងដែរ ពេលក្រុមលេងចាញ់ ១-០ នៅក្នុងផ្ទះ Roma នារាត្រីថ្ងៃអាទិត្យ៕