(ភ្នំពេញ​)៖ ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា)​ ខូ អិលធីឌី (ស៊ីប៊ីស៊ី)​ បានផ្តួចផ្តើម រួមគ្នាជាមួយនឹង​ ក្រុមហ៊ុនក្រេឌីតប្យួរ៉ូសិង្ហបុរី ភីធីអ៊ី អិលធីឌី (CBS) ដែលឋិតនៅក្រោម ក្រុមហ៊ុនក្រេឌីតប្យួរ៉ូអាស៊ី លីមីតធីត (CBA) ក្នុងការសម្ពោធជាផ្លូវការ លើគម្រោងការផ្តល់សេវាចែករំលែកព័ត៍មានឥណទាន ឆ្លងតំបន់​​រវាងប្រទេសទាំងពីរ។

ការសម្ពោធជាផ្លូវការនេះ​​ ត្រូវបានប្ររព្ធឡើង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣​ នៅសណ្ឋាគារ ផាករ៉ូយាល់​ ខូលិចសិន ម៉ារីណា ប៊េ នៅប្រទេសសិង្ហបុរី នៅក្នុងកម្មវិធី ចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ ​នៃការផ្តល់សេវាចែករំលែករបាយការណ៍​ឥណទាន​រវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីអាជ្ញាធរនៃធនាគារកណ្តាលទាំងពីរ និងក្រុមហ៊ុនចែករំលែករបាយការណ៍ព័ត៌មាន​ឥណទានរបស់ប្រទេសទាំងពីរ ក៏ដូចជាថ្នាក់ដឹកនាំ​ក្នុងវិស័យធនាគារ និងហរិញ្ញវត្ថុជាច្រើនផងដែរ។

ដោយសារមានការកើនឡើង ទៅលើលំហូរចល័តការងារទូទាំងសកលលោក ក្នុងនោះដែរ គម្រោងនៃការផ្តល់សេវាចែករំលែកព័ត៌មាន ឥណទានឆ្លងតំបន់បានក្លាយជាបញ្ហាដ៏សំខាន់មួយ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខណៈពេលដែលបុគ្គលម្នាក់ៗមានសិទ្ធស្នើសុំ របាយការណ៍ឥណទានដោយផ្ទាល់ ពីក្រុមហ៊ុនចែករំលែកព័ត៌មានឥណទាន នៅក្នុងប្រទេសកំណើតរបស់គេ ហើយត្រូវ បញ្ជូនទិន្នន័យព័ត៌មានឥណទានទាំងនោះ ទៅកាន់និយោជក​របស់គេដែលនៅប្រទេសដទៃទៀត​។

​ការផ្តួចផ្តើមនេះ បានធ្វើឲ្យស្ថាប័នហរិញ្ញវត្ថុដែលជាសមាជិករបស់ស៊ីប៊ីអេស និង ស៊ីប៊ីស៊ី អាចមានលទ្ធភាពក្នុងការចេញរបាយការណ៍ឥណទានបន្ទាប់ពីមានការស្នើរសុំពីបុគ្គលម្នាក់នោះ ក្នុងករណីទីមួយគឺ​នៅពេលដែលបុគ្គលម្នាក់​ធ្វើការស្នើ​សុំត្រួតពិនិត្យ​មើលលើលទ្ធភាពទទួលបានឥណទានរបស់គេជាមួយស្ថាប័ននោះ និងទីពីរនៅពេលដែលបុគ្គលម្នាក់បានដាក់ពាក្យ​ធ្វើការងារ​នៅក្នុងស្ថាប័នហរិញ្ញវត្ថុដោយស្ថិតនៅក្រោមលក្ខខណ្ឌតិក្កត្រឹមត្រូវនិងសមស្រប​​​ ដែល តម្រូវឲ្យមានការត្រួតពិនិត្យរបាយការណ៍ឥណទានតាមលក្ខខណ្ឌ​ការងារ។​​​

ការទទួលបានព័ត៌មានឥណទាននេះ នឹងធ្វើឲ្យស្ថាប័នហរិញ្ញវត្ថុទទួលបាន ការត្រួតពិនិត្យលើ លទ្ធភាពឥណទានរបស់បុគ្គលម្នាក់ៗបានកាន់តែច្បាស់លាស់ និងជាក់លាក់ មុនពេលធ្វើការផ្តល់ផលិផល​ឥណទាន​ផ្សេងៗ នៅក្នុងប្រទេសទាំងពីរ និងនៅពេលទទួលបានឧកាសការងារ ​​ទោះបី​នៅប្រទេសកម្ពុជាឬនៅក្នុងប្រទេសសិង្ហបុរីក៏ដោយ ក៏បុគ្គលម្នាក់ៗមាន​លទ្ធភាពទទួលបាន ​របាយការណ៍ឥណទាន ដើម្បីត្រួតពិនិត្យប្រវត្តិរបស់ខ្លួនដែរ។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា បានថ្លែងថា «ការពិតណាស់ដែល ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុ នៃប្រទេសសិង្ហបុរី ធ្វើការគាំទ្រ និងជ្រោមជ្រែងលើគំនិតផ្តួចផ្តើមដ៏ធំនេះ ដើម្បីពង្រឹងលទ្ធភាពដល់សាធារណៈជនក្នុងការគ្រប់គ្រងលើព័ត៌មាន​ឥណទានផ្ទាល់ខ្លួនដែលជាលក្ខណៈឆ្លងតំបន់។​ ការិយាល័យឥណទានទាំងពីរ បានធ្វើការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង​ដើម្បី ឲ្យការសហការលើគម្រោងនេះ​ អាចសម្ភោធដាក់ឲ្យប្រើប្រាស់បានជាផ្លូវការ ដែលនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅកាន់ធុរៈកិច្ច ក៏ដូចជាចំពោះបុគ្គល ដែលមកពីប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ដើម្បីបង្កើតឱកាសឲ្យកាន់តែច្រើន​ដល់ពួកគេ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយយើងសង្ឈឹមថាយើងនឹងអាចពង្រីកកិច្ចសហការរបស់យើង ទៅកាន់ការិយាល័យឥណទានផ្សេងទៀតនៅក្នុងតំបន់អាស៊ាន»

បន្ទាប់ពីរបាយការណ៍ឥណទាន បានផ្តល់ជូនទៅស្ថាប័នហរិញ្ញវត្ថុជាសមាជិក និងក្នុងគោលបំណងដែលបានរៀបរាប់ខាងលើ បុគ្គលម្នាក់ៗនឹងទទួលបាន របាយការណ៍ឥណទានមួយច្បាប់ដូចគ្នាដែរ ដើម្បីធ្វើជាឯកសារយោង ក្នុងករណីថាប្រសិនបើបុគ្គលម្នាក់នោះ រកឃើញថាទិន្នន័យនៅលើ របាយការណ៍ឥណទានរបស់គេ ណាមួយមិនត្រឹមត្រូវ នោះដំណើរការនៃការស្នើសុំធ្វើការកែប្រែនឹងត្រូវបានធ្វើការតាមដានលើការស្នើសុំកែប្រែរបស់បុគ្គលផ្ទាល់​។

ទាំងក្រុមហ៊ុនស៊ីប៊ីអេស និងស៊ីប៊ីស៊ី នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីធានាថា គម្រោងនេះដំណើរការស្របទៅតាមក្របខណ្ឌ ផែនការការងារ ក៏ដូចជាលក្ខខណ្ឌផ្សេងៗរបស់និយ័តករផងដែរ។​​ ដោយក្រុមហ៊ុនទាំងពីរនឹងផ្តល់នូវទិដ្ឋភាពកាន់តែច្បាស់លាស់ លើលទ្ធភាពទទួលបានឥណទានសម្រាប់អ្នកទើបចូលទៅប្រទេសថ្មីៗ ហើយក៏ដើម្បីផ្សារភ្ជាប់នូវចន្លោះប្រហោងរវាងអ្នកផ្តល់ឥណទាន និងនិយោជក ដែលកំពុងជួបប្រទះបញ្ហាលើដំណើរការត្រួតពិនិត្យ លើព័ត៌មានរបាយការណ៍របស់បុគ្គលម្នាក់ដែលទើបផ្លាស់ប្តូរទៅប្រទេសណាមួយ។

លោក William Lim ជាប្រធាននាយកប្រតិបត្តិរបស់ ស៊ីប៊ីអេស បានលើកឡើងថា «ស៊ីប៊ីអេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រយ៉ាងពេញទំហឹង លើការទទួលបានឥណទាននៅប្រទេសសិង្ហបុរី ក្នុងរយៈពេល២ទស្សវត្សកន្លងមកនេះ។​ យើងជឿថា គំនិតផ្តួតផ្តើម​គម្រោងថ្មីនេះនឹងជួយកសាង និងពង្រឹងប្រព័ន្ធគ្រងគ្រងឥណទានរបស់ការិយាល័យឥណទានទាំងពីរឲ្យកាន់តែមានវឌ្ឍនភាព។​ កិច្ចសហការនេះ គឺជាជំហានវិជ្ជមានដំបូង​ ក្នុងដំណើរការផ្លាស់ប្តូរទិន្នន័យឆ្លងដែនទៅវិញទៅមក ដើម្បីការទទួលបានឥណទានកាន់តែទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេស​ ទាំងក្នុងស្រុក ក៏ដូចជាក្រៅប្រទេស​ផងដែរ។​ យើងសង្ឈឹមថានេះជាគម្រោងមួយក្នុងការត្រួសត្រាយ​ ផ្លូវសម្រាប់កិច្ចសហការទ្វេភាគីផ្សេងៗទៀត ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងហានិភ័យរបស់ស្ថាប័នហរិញ្ញវត្ថុ ដែលជាសមាជិករបស់យើង នៅពេលដែលអនុលោមតាមលក្ខខណ្ឌត្រឹមត្រូវ​»

លោកអឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ របស់ក្រុមហ៊ុនក្រេឌីតប្យួរ៉ូខេមបូឌា បានបញ្ជាក់ផងដែរថា «នេះជាសមិទ្ធផលដ៏ធំធេងមួយរបស់យើងក្នុងការសម្ភោធជាផ្លូវការ លើគម្រោងប្រព័ន្ធចែករំលែកឥណទានឆ្លងតំបន់ ដែលយើងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនចែករំលែកព័ត៌មានឥណទានរបស់ប្រទេសសិង្ហបុរី។ យើងជឿជាក់ថាគម្រោងនេះនឹងអាចផ្តល់ជាប្រយោជន៍ទាំងចំពោះអ្នកខ្ចី ក៏ដូចជាអ្នកផ្តល់កម្ចីនៅក្នុងប្រទេសទាំងពីរ។ ហើយគម្រោងមួយនេះដែរនឹងក្លាយជាគំនិតផ្តួចផ្តើមគំរូ នៅក្នុងតំបន់»

ក្រុមហ៊ុនចែករំលែកព័ត៌មានឥណទានទាំងពីរ សង្ឃឹមយ៉ាងមុតមាំថាគំនិតផ្តួចផ្តើមនេះនឹងជួយជំរុញ​ បន្ថែមលើវិវឌ្ឍនភាពវិស័យទាំងមូល មិនតែប៉ុណ្ណោះគម្រោងនេះ នឹងក្លាយជាពុម្ពគំរូមួយសម្រាប់កិច្ចសហការជាមួយក្រុមហ៊ុនចែករំលែកព័ត៌មានឥណទានអន្តរជាតិផ្សេងទៀត​ ដើម្បីជួយឲ្យអ្នកផ្តល់សេវាឥណទាន ឬក៏និយោជកទាំងឡាយ​ ទទួលបានទិដ្ឋភាពច្បាស់លាស់ជាងមុន ក្នុងការស្វែងយល់ ត្រួតពិនិត្យលើលទ្ធភាពទទួលបានឥណទាន និងប្រវត្តិរបស់បុគ្គលម្នាក់៕