(ម៉ាឌ្រីដ)៖ ក្លិបបាល់ទាត់អាជីព Real Madrid និយាយថា គម្រោងសងលុយថ្លៃទិញសំបុត្រវគ្គផ្តាច់ព្រ័ត្រទៅឲ្យក្រុមអ្នកគាំទ្រ Liverpool ពីសំណាក់សហព័ន្ធគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA នោះ នៅពុំទាន់គ្រប់គ្រាន់ ដោយទទូចសុំមានសំណងទាំងអស់គ្នាផងដែរ។

ក្នុងរបាយការណ៍ឯករាជ្យមួយដែល UEFA បានទទួលស្គាល់ថា ការផ្ទុះហឹង្សានៅខាងក្រៅកីឡដ្ឋាន Stade de France នៃទីក្រុងប៉ារីស វាស្ទើរតែក្លាយជាមហន្តរាយ មុនជំនួបផ្តាច់ព្រ័ត្រ UEFA Champions League រវាង Liverpool និង Real Madrid នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។

Real Madrid បាននិយាយថា ពួកគេនឹងមិនធ្វើការជាមួយ UEFA ក្នុងការផ្តល់សំណងដែលមានចំនួនកំណត់នេះទេ ដោយក្លិបចង់ឲ្យស្ថាប័នទទួលខុសត្រូវទាំងស្រុងតែម្តង។

កន្លងមក UEFA ក៏ធ្លាប់បានថ្លែងប្រាប់ BBC ដែរថា គម្រោងសងលុយទិញសំបុត្រឲ្យទៅខាងក្រុមគាំទ្រ Liverpool នោះ គឺជារឿងត្រឹម និងយុត្តិធម៌ ចំពោះតែភាគីខាងរងគ្រោះនៅរាត្រីនោះតែប៉ុណ្ណោះ ជាមួយនឹងការពន្យារពេលប្រកួតមានដល់ទៅ ៣៦នាទីផងដែរ។

ជាការឆ្លើយតប ក្លិបអេស្ប៉ាញ Real Madrid ក៏បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា «សំបុត្រទាំងអស់ក្នុងកីឡដ្ឋាន Stade de France គួរតែត្រូវបានសងសំណងទាំងអស់។ ជាបទពិសោធន៍របស់អ្នកគាំទ្រ ពុំមានការប្រកួតណាពន្យារពេលយូរដូចនេះទេ»