(សៀមរាប)៖ ខ្លោងទ្វារតាកាវ ដែលជាទ្វារខាងលិចក្រុងអង្គរធំបច្ចុប្បន្ន បានឈរតាំងរឹងមាំឡើងវិញ បង្អួតភ្ញៀវទេសចរយ៉ាងមោទនភាព ហើយប្រជាពលរដ្ឋក៏នឹងអាចធ្វើដំណើរឆ្លងកាត់ទីនេះដោយសុខសុវត្ថិភាព លែងមានការលំបាកដូចមុនទៀតហើយ។
អ្នកបុរាណវិទូ និងក្រុមជាងគ្រប់ផ្នែកដែលបានចូលរួមជួសជុលសំណង់ខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានបង្ហាញអារម្មណ៍រីករាយបន្ទាប់ពីឃើញខ្លោងទ្វារបុរាណមួយនេះបង្ហាញសម្រស់ដ៏ល្អឯក ព្រមទាំងមានភាពរឹងមាំយូរអង្វែងតទៅទៀត។
អ្នកស្រី ហាន ម៉ាច អាយុ៦៦ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើងដែលបានចូលរួមជួសជុលប្រាសាទជាច្រើននៅតំបន់អង្គរជាមួយអាជ្ញាធរជាតិអប្សរាជាង២០ឆ្នាំមកហើយ ក្នុងចំណោមកម្មករជាច្រើនទៀត ដែលបានទៅជួសជុលខ្លោងទ្វារតាកាវ បានឲ្យដឹងថា កាលពីដំបូង ខ្លោងទ្វារតាកាវបានរងការខូចខាតជាច្រើនកន្លែង ដូចជាថ្មក្រៀកចេញពីគ្នា ព្រមទាំងមានជ្រុះធ្លាក់មកដីផង ហើយនៅទីតាំងកំពូលមុខព្រហ្ម ដំរីក្បាលបី ចម្លាក់រូបទេវតា និងអសុរទាញព្រ័ត្រនៅស្ពានហាលជាដើមសុទ្ធតែជាកន្លែងគ្រោះថ្នាក់មិនអាចធ្វើដំណើរឆ្លងកាត់បានទេ។
អ្នកស្រី ហាន ម៉ាច បន្តដោយសប្បាយចិត្តថា មកដល់ពេលជួសជុលរួចរាល់ ឃើញថាសម្រស់ខ្លោងទ្វារតាកាវពិតជាស្អាតខ្លាំងណាស់ស្ទើរតែមិនជឿភ្នែកខ្លួនឯង។ ការងារនេះមានតម្លៃខ្លាំងណាស់ ព្រោះអ្នកស្រីបានចូលរួមថែរក្សាប្រាសាទបុរាណខ្មែរឱ្យស្ថិតស្ថេរយូរអង្វែងបន្តទៀត។
លោក ហឿង ឈ្លឿន អាយុ៣៩ឆ្នាំ អ្នកភូមិអូរទទឹង ជាកម្មករដែលបានចូលរួមជួសជុលខ្លោងទ្វារតាកាវម្នាក់ទៀត បានឱ្យដឹងដែរថា រយៈពេល៣ឆ្នាំមកនេះ ខ្លោងទ្វារតាកាវបានផ្លាស់ប្រែសភាពខុសប្លែកពីមុន ដែលធ្លាប់តែមានការបាក់បែក បែរជាត្រឡប់ទៅជារឹងមាំឡើងវិញ។
លោក ឈ្លឿន បានបន្តថា ការជួសជុលខ្លោងទ្វារតាកាវបានជួបការលំបាកខ្លះៗ ដោយសារតែបាត់ថ្មជាច្រើន ដែលតម្រូវឱ្យថែមថ្មថ្មី។ ប៉ុន្តែលោកបានខិតខំបំពេញការងារដោយយកចិត្តទុកដាក់ដើម្បីរក្សាកេរមរតកដូនតាមួយនេះឱ្យបានគង់វង្សបន្តទៀត។
ជារៀងរាល់ថ្ងៃ មិនថាអ្នកស្រីហាន ម៉ាច និងលោក ហឿង ឈ្លឿន គឺក្រុមជាងធ្វើការនៅខ្លោងទ្វារតាកាវ ទាំងអស់តែងក្រោកពីព្រឹករៀបចំដាំបាយវេចខ្ចប់ ចាកចេញពីផ្ទះ ដើម្បីយកទៅហូបនៅការដ្ឋាន ហើយល្ងាចទើបត្រឡប់ទៅផ្ទះវិញ ដោយមិនដែលនឿយហត់និងការងារនោះឡើយ៕