(សៀមរាប)៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងពិព័រណ៍ថ្មគោលព្រះពាន់បុរាណនៃព្រះពុទ្ធសាសនា រចនាបថបាយ័ន១ផ្ទាំងធ្វើពីថ្មភក់ ដែលទំនងកសាងឡើងនៅអំឡុងចុងសតវត្សទី១២នៃគ្រិស្ដសករាជ ដើម្បីឱ្យសាធារណជន សិស្ស និស្សិត ព្រមទាំងក្រុមអ្នកស្រាវជ្រាវបានឃើញ និងអាចមកសិក្សាផងស្វែងយល់ផង។

មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក វឿន វិបុលសុខុម បានឱ្យដឹងថា ផ្ទាំងចម្លាក់ថ្មភក់ដែលឆ្លាក់រឿងរ៉ាវនៃព្រះពុទ្ធសាសនា រកឃើញដោយការធ្វើកំណាយនេះ ត្រូវបានគេកំណត់ឈ្មោះថា «ថ្មគោលព្រះពាន់» ដែលជាវត្ថុកម្រមាននៅក្នុងសិល្បៈខ្មែរ។

លោក វិបុលសុខុម បានពន្យល់ថា លក្ខណៈពិសេសរបស់ថ្មគោលនេះ គឺមានរូបព្រះពុទ្ធតូចៗទាំងអស់ចំនួន១០០៨អង្គ ដែលតំណាងឱ្យមង្គលចក្រវាលមួយទៀត អាចនិយាយបានថា ជាអនុព្យញ្ជនៈរបស់ព្រះសម្មាសម្ពុទ្ធ ឬគ្រប់សត្វទាំងអស់មាន១០០៨។

លោកបន្តទៀតថា ថ្មគោលប្រភេទចម្លាក់បែបសាសនានេះ នៅកម្ពុជាគេប្រទះឃើញចំនួន២ផ្ទាំង គឺទី១ជាថ្មគោលឆ្លាក់រូបព្រះពុទ្ធដែលដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនាខេត្តសៀមរាប និងមួយផ្ទាំងទៀត គឺជាថ្មគោលបែបព្រហ្មមញ្ញសាសនា ដែលមានឆ្លាក់រូបព្រះនារាយណ៍ សព្វថ្ងៃដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ។ ថ្មគោលព្រះពាន់នេះ មានរាងបួនជ្រុង កម្ពស់១២២សង់ទីម៉ែត្រ ទទឹង៥៨សង់ទីម៉ែត្រ និងកម្រាស់៤៥សង់ទីម៉ែត្រ និងទំងន់ប្រមាណជាងកន្លះតោន។

នៅតាមជ្រុងទាំង៤ មានចម្លាក់ព្រះពុទ្ធសមាធិតូចៗចំនួន១០០៨អង្គ។ នៅផ្នែកខាងលើ និងខាងក្រោមមានការខូចខាតខ្លះៗ ដោយផ្ទៃសាច់ថ្មមានស្នាមប្រេះបញ្ឈរ និងនៅកំពូលនៃជ្រុងទាំង៤មានលម្អជាក្បាលនាគ។

ភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចមកទស្សនាស្វែងយល់បន្ថែមនៃផ្ទាំងថ្មគោលព្រះពាន់បែបព្រះពុទ្ធសាសនានេះ រួមទាំងចម្លាក់ប្រតិមាផ្នែកពុទ្ធសាសនាជាច្រើនទៀត ដែលមានតាំងពិព័រណ៍បង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ៕