(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Walt Disney លោក Bob Iger បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ទូឌីយោអាចបន្តផលិតខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ សម្រាប់ប្រជែងទីផ្សារ ដោយសម្គាល់ការឃើញថា ប៉ុន្មានឆ្នាំថ្មីៗនេះ ធនធានផលិតកម្មរបស់ខ្លួន ត្រូវបានប្រើប្រាស់ដើម្បីបើកដំណើរការ និងពង្រីកសេវាកម្ម Disney+។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន New York Post នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ លោក Lger បានបង្ហាញក្តីសង្ឃឹមថា នឹងទទួលយកវិធីសាស្រ្តដូច HBO ដែលបានរៀបចំបន្ថែមទៀត នៃការធ្វើឲ្យកម្មវិធីមានគុណភាពខ្ពស់ ដែលបានបង្កើតឡើង នៅជុំវិញម៉ាកសំខាន់ៗរបស់ខ្លួន ខណៈដែលលោកធ្វើការដើម្បីលើតែ Disney+ ទៅរកប្រាក់ចំណេញ។ លោកបាននិយាយថា «នៅពេលដែលយើងសំឡឹងមើល ដើម្បីកាត់បន្ថយមាតិកា ដែលយើងកំពុងបង្កើត សម្រាប់វេទិកាផ្ទាល់ខ្លួនរបស់យើង ប្រហែលជាមានឱកាសក្នុងការផ្តល់អាជ្ញាប័ណ្ណដល់ភាគីទីបី»។

ទោះជាយ៉ាងក៏ដោយ នេះគ្រាន់តែជាការបង្ហើបឲ្យដឹងខ្លះៗពីសំណាក់លោក Bob Iger ប៉ុណ្ណោះ ត្បិតថាលោកបានត្រឡប់ទៅ Disney វិញនៅក្នុងខែវិច្ឆិកា ជិតមួយឆ្នាំ បន្ទាប់ពីលោកបានចូលនិវត្តន៍ ដោយសារក្រុមហ៊ុនកម្សាន្ត បានស្វែងរកការបង្កើនទំនុកចិត្តរបស់វិនិយោគិន និងប្រាក់ចំណេញនៅឯអង្គភាពប្រព័ន្ធផ្សព្វផ្សាយសេវាស្ទ្រីមរបស់ខ្លួន។

គួរជម្រាបថា ក្រុមហ៊ុនបានប្រកាសពីការរៀបចំ រចនាសម្ព័ន្ធឡើងវិញនៅក្នុងខែកុម្ភៈ ដោយនិយាយថា អាចនឹងប៉ះពាល់ដល់ការងារបុគ្គិលចំនួន ៧,០០០នាក់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយចំណាយ៕