(បរទេស)៖ សម្រាប់អតិថិជន Google ទាំងអស់ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ដែលប្រើប្រាស់គម្រោង Google One នឹងទទួលបានសេវាកម្ម VPN ដោយឥតគិតថ្លៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

នេះជាលើកទី១ ហើយដែល Google អនុញ្ញាតដាក់ឱ្យប្រើប្រាស់សេវាកម្ម VPN ដោយឥតគិតថ្លៃ ដោយកន្លងមកសេវាកម្មនេះមានសម្រាប់តែអ្នកប្រើប្រាស់គម្រោងសេវាកម្ម Cloud កម្រិតខ្ពស់របស់ Google ប៉ុណ្ណោះ។ តាមរយៈការប្រកាសបង្ហា្ហញថ្មីៗនេះ គម្រោង Google One ទាំងអស់ទាំងកម្រិតទាបនឹងកម្រិតខ្ពស់ និងត្រូវបានរួមបញ្ចូល VPN ដែលជាបណ្តាញសុវត្ថិភាព នឹងជាសេវាកម្មដែលការពារការតភ្ជាប់អ៊ីនធឺណិត និងភាពឯកជនរបស់អ្នកប្រើប្រាស់នៅលើអ៊ីនធឺណិត។

ខណៈបច្ចុប្បន្ននេះ Google One កំពុងតែដាក់ដំណើរការសេវាកម្មនេះបណ្តើរៗហើយ ដោយក្នុងនោះបណ្តាប្រទេសដែលទទួលបានការអនុញ្ញាតដំបូងគេរួមមាន ប្រទេសអូទ្រីស អូស្រ្តាលី បែលហ្សិក កាណាដា ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីស្លង់ អ៊ីតាលី ជប៉ុន ម៉ិកស៊ិក ហូឡង់ ន័រវែស កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ុយអែត ស្វីស តៃវ៉ាន់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម។

តែយ៉ាងណាមិញសម្រាប់អ្នកប្រើប្រាស់សេវាកម្ម Google One ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកត្រូវបានរបាយការណ៍គូសបញ្ជាក់ថា នឹងទទួលបានមុខងារបន្ថែមពិសេសពីបណ្តាប្រទេសដទៃ បន្ទាប់ពីត្រូវរកឃើញថាមាន Dark Web ថ្មីមួយដែលបានក្លែងបន្លំនឹងលួចយកទិន្នន័យអ្នកប្រើប្រាស់រាប់លាននាក់ស្ទើរតែរាល់ឆ្នាំ។ ជាមួយគ្នានេះ Google នឹងបញ្ចេញមុខងារមួយបន្ថែមទៀតគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្កេននិងស្វែករក Dark Web ដែលលួចយកទិន្នន័យផ្ទាល់ខ្លួន ដែលត្រូវបានបង្ហាញតាមរយៈការរំលោភលើសុវត្ថិភាពតាមអ៊ីនធឺណិតនៅក្នុងសកម្មភាពផ្សេងៗ៕