(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣(CAMSOC-CAMAPGOC) និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននឹងកំពុងជំរុញការដំឡើងប្រព័ន្ធ Internet Wi-Fi ល្បឿនលឿនក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ និងទីតាំងសំខាន់ៗផ្សេងទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ក៏ដូចជាជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC បច្ចុប្បន្នគណៈកម្មការជំនាញរបស់ CAMSOC-CAMAPGOC កំពុងធ្វើការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាបណ្ដាក្រុមហ៊ុនទូរស័ព្ទចល័តនានា ដើម្បីបំពាក់ឧបករណ៍ភ្ជាប់ប្រព័ន្ធសេវាទូរស័ព្ទ(Internet Wi-Fi) ល្បឿនលៀនជាងមុន ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង ពិសេសក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលអាចផ្ទុកមនុស្សបានជាង ៦ម៉ឺននាក់ ។

ក្រៅពីវិមានកីឡដ្ឋានដ៏ធំនេះ ភាគីពាក់ព័ន្ធខាងលើ ក៏កំពុងញាប់ដៃញាប់ជើង ដំឡើង និងបំពាក់ប្រព័ន្ធ Internet Wi-Fi នៅភូមិកីឡា បរិវេណទីធ្លាសាធារណៈស្ទើរគ្រប់ទីកន្លែង ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ព្រមទាំងទីតាំងផ្សេងៗ ដូចជាពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) និងទីតាំងប្រកួតធំៗទាំង ៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ដើម្បីធានាបាននូវប្រព័ន្ធ Wi-Fi ប្រើប្រាស់គ្រប់គ្រាន់ កំឡុងការប្រកួត និងប្រតិបត្តិការផ្សេងៗ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ទន្ទឹមជាមួយការដំឡើងប្រព័ន្ធ Internet Wi-Fi កំឡុងពេលប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាពេលឆាប់ៗខាងមុខ ក្រុមហ៊ុនទូរស័ព្ទចល័យទាំងអស់ ដែលបានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏នឹងផ្ដល់ស៊ីម(Sim Card) ដោយឥតគិតថ្លៃ ដែលមានកាករភ្ជាប់នូវប្រព័ន្ធសេវាអ៊ីនធឺណេតស្រាប់ ជូនដល់ប្រតិភូ និងអត្តពលិកជាតិ-អន្ដរជាតិ ដែលនឹងចូលរួមព្រឹត្តិការណ៍កីឡាប្រចាំតំបន់លើកដំបូងនៅកម្ពុជានេះផងដែរ ។

ជុំវិញការយកចិត្តទុកដាក់លើការងារនេះដែរ លោក វ៉ាត់ ចំរើន បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ក្នុងនាមម្ចាស់ផ្ទះ ដើម្បីជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា បន្ទាប់ពីការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ទៅលើពិភពលោក ជាក់ស្ដែងក្រៅពីការងារស្នូលរបស់គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ក្នុងការរៀបចំការផ្សព្វផ្សាយ និងសម្រួលដល់អ្នកសារព័ត៌មានជាតិ-អន្ដរជាតិ ប្រតិភូ អត្តពលិក និងទស្សនិកជនទាំងអស់ ក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយរផ្សព្វផ្សាយ និងចែករំលែក នៅពេលពួកគេមាន Internet Wi-Fi ប្រើប្រាស់គ្រប់គ្រាន់ផងដែរ ។

តាមការបញ្ជាក់របស់ប្រតិបត្តិកីឡាឆ្នើមកម្ពុជាដដែល បានឲ្យដឹងថា មកទល់ពេលនេះ ការដំឡើងប្រព័ន្ធតភ្ជាប់សេវាទូរស័ព្ទ និង Internet Wi-Fi ល្បឿនលឿននេះ គឺបានដំឡើងបានប្រមាណជាង ៩០% ក្រោមការយកចិត្តទុកដាក់របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC-CAMAPGOC ក៏ដូចជាលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបណ្ដាក្រុមហ៊ុនទូរស័ព្ទចល័តចំនួន ៣ រួមមានក្រុមហ៊ុន សែលកាត, Metfone និងក្រុមហ៊ុន ស្មាត ៕