(ភ្នំពេញ)៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំយកម៉ាស៊ីនត្រជាក់ស៊េរីថ្មី ឆ្នាំ២០២៣ ដែលបំពាក់ដោយបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ ចំនួន៥ម៉ូដែល ដែលបានរចនាឡើងឆ្លើយតបតាមតម្រូវការប្រើប្រាស់របស់អតិថិជន ជាពិសេសសម្របតាមបរិយាកាសពីមួយរដូវទៅមួយរដូវ។

ក្នុងពិធីតាំងបង្ហាញម៉ាស៊ីនត្រជាក់ LG ស៊េរី ២០២៣ នារាត្រីថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៣ ដែលមានការចូលរួមពីដៃគូអាជីវកម្មប្រមាណជាង១០០នាក់ នៅសណ្ឋាគារភ្នំពេញ។

លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប បានថ្លែងថា តាមរយៈការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យា បានជំរុញ LG ធ្វើបច្ចុប្បន្នភាពនូវផលិតផលរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យកាន់តែទំនើប និងប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយ ដែលធ្វើ ឱ្យម៉ាស៊ីនត្រជាក់សេរ៊ីថ្មី ឆ្នាំ២០២៣ កាន់តែទាន់សម័យ ឆ្លើយតបតាមតម្រូវការប្រើប្រាស់របស់អតិថិជន ជាពិសេសគឺការសន្សំសំចៃភ្លើងបានកាន់តែខ្លាំងជាងមុនរហូតដល់៧០% ដែលធ្វើអ្នកប្រើប្រាស់មិនចំណាយថវិកាច្រើនទៅលើការប្រើប្រាស់ប្រចាំ។

អ្វីដែលពិសេសជាងនេះទៅទៀត ក្នុងពេលដំណើរការ ម៉ាស៊ីនត្រជាក់នេះ មានសំលេងកាន់តែស្ងាត់ជាងមុន និងឆាប់ត្រជាក់ជាងមុន ហើយម៉ូដែលខ្លះមានបំពាក់ប្រព័ន្ធបន្សុទ្ធខ្យល់ស្រាប់ ដែលធ្វើឱ្យខ្យល់បរិសុទ្ធស្រស់ថ្លា និងមានប្រព័ន្ធបញ្ចេញសារធាតុអ៊ីយ៉ុងទៅបរិយាកាសដែលមានសមត្ថភាពស្រូបយកខ្យល់លម្អងធូលីពីបរិយាកាសដែលជួយដល់ការសម្លាប់មេរោគនៅក្នុងបន្ទប់។

លោកបន្តថា ម៉ាស៊ីនត្រជាក់ LG ស៊េរី ២០២៣ចំនួន ៥ម៉ូដែល ទើបនាំចូលទីផ្សារកម្ពុជានេះ ប្រភេទទី១ ជាប្រភេទដែលទំនើប និងទាន់សម័យជាងគេ ព្រមទាំងមានបំពាក់ប្រព័ន្ធបន្សុទ្ធខ្យល់ស្រាប់ដែលធ្វើឱ្យខ្យល់បរិសុទ្ធស្រស់ថ្លា,ប្រភេទ២ គឺស៊េរី UV nano (IP) មានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា UV Nano ដែលមានសមត្ថភាពខ្ពស់ក្នុងការសម្លាប់មេរោគគ្រប់ប្រភេទបានទាំងអស់។ ចំណែកប្រភេទ៣ ស៊េរី Skin Care សំលាប់មេរោគ (2PA) ជាភេទម៉ាស៊ីនត្រជាក់ដែលជួយដល់ការថែរក្សាស្បែក និងសម្លាប់មេរោគ ដែលស័ក្តិសមក្នុងការប្រើប្រាស់នៅក្នុងបន្ទប់គេង។ រីឯ ប្រភេទទី៤ ស៊េរី Dual Cool (A31 & 5AH) ជាប្រភេទស្តង់ដារ ដែលមានតម្លៃសមរម្យ និងមានបច្ចេកវិទ្យា​សំលេងស្ងាត់ និងប្រភេទទី៥ ស៊េរី non-inverter ថ្មី ជាប្រភេទសន្សំចំចៃភ្លើងខ្ពស់ និងងាយស្រួលប្រើប្រាស់ ដែលកំពុងពេញនិយមនៅប្រទេសកម្ពុជា។

លោករំពឹងថា នៅក្នុងឆ្នាំ២០២៣នេះ ការប្រកួតប្រជែងទីផ្សារអេឡិចត្រូនិកនៅកម្ពុជា នឹងកាន់តែស្មើភាពគ្នា ដោយសាររដ្ឋាភិបាលកំពុងពង្រឹង និងចាត់វិធានការលើការនាំចូលគ្រឿងអេឡិចត្រូនិកដោយមិនបង់ពន្ធ ខណៈឆ្នាំ២០២២ ការនាំចូលផលិតផលគេចពន្ធតាមច្រករបៀងរបស់ដៃគូប្រកួតប្រជែងមួយក្តាប់តូចបានបង្កប៉ះពាល់ដល់ក្រុមហ៊ុនដែលបានបង់ពន្ធពេញលេញបាត់បង់ប្រាក់ចំណូល និងប៉ះពាល់ដល់ការងារ យុវជន។

លោកលើកឡើងបន្ថែមថា៖ «ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះខ្ញុំសូមសំណូមពរដល់បងប្អូនដៃគូអាជីវកម្មទាំងអស់ចូលរួមជាមួយយើង ក៏ដូចជារដ្ឋាភិបាលលុបបំបាត់ការនាំចូលផលិតផលដែលមិនស្របច្បាប់ គេចវេះក្នុងការបង់ពន្ធ យកមកចែកចាយនៅក្នុងទីផ្សារដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃផលិតផលនៅលើទីផ្សារ និងបានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលជាតិទាំងមូល ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ធនធានយុវជន និងសេដ្ឋកិច្ចជាតិថែមទៀតផង»

លោកបន្តថា ដើម្បីធានានូវស្ថិរភាព និងនិរន្តរភាពប្រាក់ចំណូល និងធ្វើឱ្យមានតម្លាភាពនៅលើទីផ្សារអេឡិចត្រូនិចត្រូវចាប់ផ្តើមពីខ្លួនយើង ត្រូវចែកចាយតែផលិតផលណាដែលមានគុណភាព មានការនាំចូលដោយបង់ពន្ធត្រឹមត្រូវ ជាផលិតផលរបស់ក្រុមហ៊ុនដែលមានការទទួលស្គាល់អនុលោមពីក្រសួងពាក់ព័ន្ធ ទើប អាចទប់ស្កាត់ផលប៉ះពាល់ផ្សេងៗទៀតដែលអាចកើតមាននៅក្នុងស្ថានភាពណាមួយនាពេលបច្ចុប្បន្ន និងអនាគត៕