(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំម៉ាឡេស៊ី ដោយលទ្ធផល ១-០ នៅនាទីចុងម៉ោង ក្នុងជំនួបបញ្ចប់ពូល G នៃវគ្គជម្រុះជុំទី១ ពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ីអាយុក្រោម ២០ឆ្នាំ នៅប្រទេសអ៊ុយបេគីស្ថាន (AFC U20 Woman's Asian Cup 2024) នាមុននេះបន្ដិច នាកីឡដ្ឋានក្លិបភ្នំពេញក្រោយ។
ជំនួបដ៏សំខាន់ និងជាការប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះកម្ពុជា នេះ បានធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយជាខ្លាំង ចំពោះគ្រាប់បាល់ជ័យជម្នះយ៉ាងអស្ចារ្យ ១គ្រាប់របស់កម្ពុជា ដែលធ្វើសម្រេចដោយកីឡាការិនី ទុន គឹមហុង នៅនាទី៩០+៣ បន្ទាប់ពីរក្សាលទ្ធផល ០-០ ស្ទើរគ្នាពេញម៉ោង។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិនារី U20 កម្ពុជា មានឱកាសប្រជែងកៅអីវគ្គបន្ដ ដោយរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូល G រវាងម៉ាឡេស៊ី និងមីយ៉ាន់ម៉ា នាថ្ងៃទី១២ ខែមីនាខាងមុខ ។ បច្ចុប្បន្នក្រុមកម្ពុជា កំពុងឈរលេខ២ និងមាន ៣ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងចាញ់ ១ប្រកួត ខណៈក្រុមមីយ៉ាន់ម៉ា ឈរកំពូលតារាងមាន ៣ពិន្ទុ តែនៅសល់ ១ប្រកួតក្នុងដៃ ។
តាមរយៈលទ្ធផលបណ្ដោះអាសន្នខាងលើនេះ ក្រុមនារីកម្ពុជា អាចមានសង្ឃឹមឡើងវគ្គបន្ដបាន លុះត្រាការប្រកួតបញ្ចប់ពូល G នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ម៉ាឡេស៊ី អាចយកឈ្នះមីយ៉ាន់ម៉ា ។ ដូច្នេះចាំមើល តើក្រុមណា នឹងក្លាយជាបេក្ខភាពឡើងវគ្គជម្រុះជុំទី២ នៃពានរង្វាន់ AFC U20 Woman's Asian Cup 2024?