(កំពង់ធំ)៖ វិស័យកីឡានៅក្នុងខេត្តកំពង់ធំនឹងមានការរីកចម្រើន ហើយនឹងក្លាយជាខេត្តគោលដៅនៃការបណ្ដុះបណ្ដាលកីឡាករឱ្យមានទេពកោសល្យល្អៗដើម្បីចូលរួមជួយក្នុងជម្រើសជាតិប្រកួតលើឆាកអន្តរជាតិនៅពេលអនាគត។ នេះតាមលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

នាឱកាសអបអរបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ "ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត" ប្រភេទកីឡាដែលប្រកួតនិងលេងកម្សាន្តមាន៦ប្រភេទ គឺបាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ ប៉េតង់ បាល់ទាត់លើតុ រត់ប្រណាំង និងប្រដាល់គុនខ្មែរ។ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ការប្រកួតកីឡាទាំងអស់គឺត្រូវបានបញ្ចប់ជាផ្លូវការហើយ ដោយមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តខេត្តកំពង់ និងលោក វ៉ាត់ ចំរើន។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កីឡា៦ប្រភេទនេះ សរុបអ្នកចូលលេងតែម្តងមានរហូតដល់ទៅជិត១០០០នាក់ទៅហើយ ដែលវាបានបង្ហាញឱ្យឃើញថា សកម្មភាពកីឡាបានផ្សារភ្ជាប់នូវភាពស្និទ្ធស្នាល និងសាមគ្គីភាពនៃភាពសុខដុមរមនាក្នុងសង្គម។ លោកថា សកម្មភាពកីឡារយៈពេល៣ថ្ងៃនេះ គឺបានជំរុញទឹកចិត្តអ្នកលេងនិងអ្នកទស្សនាឱ្យសប្បាយរីករាយ និងអធិកអធមខ្លាំង។

លោកបានវាយតម្លៃខ្ពស់ចំពោះហេដ្ឋាចរនាសម្ពន្ធកីឡាដែលជាស្នាដៃបង្កើតឡើងដោយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងខេត្ត និងបានជួយដល់សង្គមជាតិ ជួយដល់យុវជនផងដែរ។

លោករដ្ឋលេខាធិការសង្ឈឹមជឿជាក់ថា វិស័យកីឡានៅក្នុងខេត្តកំពង់ធំនឹងមានការរីកចម្រើន ហើយនឹងក្លាយជាខេត្តគោលដៅនៃការផលិតបាននូវធនធានមានទេពកោសល្យល្អៗគ្រប់ប្រទេសកីឡា ចូលរួមជួយក្នុងជម្រើសជាតិប្រកួតលើឆាកអន្តរជាតិលើកកិត្យានុភាពជាតិលើឆាកអន្តរជាតិនៅពេលអនាគត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត កំពង់ធំ និងក្រសួងទេសរចណ៍បាននាំយកប្រភេទកីឡាប្រកួតនិងសម្តែង៦ប្រភេទកីឡាមកបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិ ក្នុងនោះមានបាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ ប៉េតង់ បាល់ទាត់លើតុ រត់ប្រណាំង និង ប្រដាល់គុនខ្មែរ៕