(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានអំពាវនាវដល់បណ្ដាក្លិបសមាជិកទាំងអស់ ត្រូវយកចិត្តទុកដាក់ និងចាប់ផ្ដើមពង្រឹងការបណ្ដុះបណ្ដាលយុវជនថ្នាលបន្ដវេន ពិសេសត្រូវផ្ដោតសំខាន់លើកម្ពស់ ដើម្បីផលិតបានធនធានប្រកបដោយសក្ដានុពលត្រៀមការប្រកួតប្រជែងលើឆាកអន្ដរជាតិ ។

នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ ស្របពេលសហព័ន្ធ បានប្រកាសជ្រើសរើសកីឡាបាល់ទះបន្ដវេន អាយុក្រោម ១៨ឆ្នាំ វិញ្ញាសាបាល់ទះក្នុងសាលផ្នែកបុរស ដោយគ្រោងនឹងឈប់ទទួលពាក្យ នៅថ្ងៃទី៣១ ខែមីនាខាងមុខ ។

លោកបន្ដថា «ក្នុងនាមសហព័ន្ធ ខ្ញុំសូមអំពាវនាវដល់បណ្ដាលក្លិបផ្សេងៗ ចាប់ផ្ដើមពង្រឹងក្នុងការជ្រើសរើសកីឡាករបន្ដវេន ពិសេសគាត់ត្រូវផ្ដោតលើកម្ពស់ ព្រោះកីឡាបាល់ទះ យើងទាមទារឲ្យមានកាយសម្បទាខ្ពស់ និងរឹងមាំ ទើបយើងអាចធ្វើការប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាង ទាំងក្នុងតំបន់ ទ្វីប និងនៅអឺរ៉ុប»

ជុំវិញការជ្រើសរើសកីឡាករ U18 របស់សហព័ន្ធខាងលើវិញ ត្រូវមានលក្ខខណ្ឌមួយចំនួន ត្រូវមានសញ្ជាតិខ្មែរ មានអាយុចន្លោះ ១៤ឆ្នាំ ទៅ ១៧ឆ្នាំ និងមានកម្ពស់ចាប់ពី ១.៨៥ម៉ែត្រឡើងទៅ ។ លោកថា ការជ្រើសរើសបែបនេះ គឺដើម្បីទទួលបានធនធានបន្ដវេនផង និងត្រៀមការប្រកួតពានរង្វាន់ U18 ក្នុងករណីមានការប្រកួតផង ។

ម្យ៉ាងការកំណត់កម្ពស់ ក្នុងកម្រិតអាយុនេះ មានន័យថា ឱកាសលូតលាស់របស់កីឡាករនៅខ្ពស់បន្ថែមទៀត ។ ហើយក្នុងករណីកីឡាករជាប់ក្នុងការធ្វើតេស្ដ ពួកគេមិនត្រឹមទទួលបានឱកាសហ្វឹកហាត់កីឡាបាល់ទះកម្រិតខ្ពស់នោះទេ គឺថែមទាំងទទួលបានឱកាសសិក្សារៀនសូត្រធម្មតាទៀតផង ដើម្បីពួកគេមានលទ្ធភាពប្រកបអាជីពផ្សេងៗ បន្ទាប់ពីចូលនិវត្ដន៍ពីអាជីពកីឡាករ ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ថែម ៕