(ឡុងដ៍)៖ លោក Erik ten Hag ត្រូវបានតែងតាំងជាអ្នកចាត់ការឆ្នើម ប្រចាំខែកុម្ភៈ នៃលីគកំពូលអង់គ្លេស Premier League ដ្បិតកូនសិស្ស Marcus Rashford ក៏ទួទលបានពានកីឡាករឆ្នើមនេះដែរ, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

អ្នកចាត់ការក្លិប Manchester United បានទទួលនូវពានរង្វាន់នេះ បន្ទាប់ពីក្រុមរបស់លោក មិនរងបរាជ័យសោះ នៃការប្រកួតក្នុងលីគ ខណៈដំណើរការប្រកួតនោះ ក៏រួមបញ្ចូលទាំងការប្រកួតឈ្នះ លើក្រុម Crystal Palace, Leeds United និងក្រុម Leicester ផងដែរ។

នេះគឺជាលើកទី២ ក្នុងរដូវកាលនេះ ដែលលោក Ten Hag បានឈ្នះពានរង្វាន់នេះ បន្ទាប់ពីទទួលបាន កាលពីខែកញ្ញា ម្តងរួចមកហើយ។

ជាមួយគ្នានោះ ខ្សែប្រយុទ្ធ Marcus Rashford ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំខែកុម្ភៈ និងជាលើកទី៣ ផងដែរនារដូវកាលនេះ, ដោយរូបគេបានស៊ុតបញ្ចូលទី ៥គ្រាប់ ក្នុងក្របខណ្ឌ Premier League នាខែកុម្ភៈ និងមាន ៧គ្រាប់ នៅក្នុងគ្រប់ការប្រកួតទាំងអស់៕