(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញមុខព្រួញ ១១ចំណុច ដែលត្រូវពង្រឹង និងពង្រីកចាប់ពីឆ្នាំ២០២៣ តទៅ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី១៧ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការប្រតិបត្តិ តំណាងក្រសួងអប់រំ យុវជន និងកីឡា, តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, តំណាង AFC, តំណាង FFC និងតំណាងសមាគម/ក្លិបសមាជិកជាច្រើនផងដែរ ។

មុខព្រួញទាំង ១១ចំណុច ដែលប្រធានសហព័ន្ធបានលើកឡើងខាងលើ រួមមាន៖ ១-រដ្ឋបាល និងការគ្រប់គ្រង, ២-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ៣-ការរៀបចំការប្រកួតថ្នាក់ជាតិ-អន្ដរជាតិ, ៤-ការអភិវឌ្ឍសមាគមទាំង ២៥រាជធានី-ខេត្ត, ៥-ការអភិវឌ្ឍក្លិប, ៦-ការអភិវឌ្ឍក្រុមជម្រើសជាតិ, ៧-ការអភិវឌ្ឍថ្នាល, ៨-ការអភិវឌ្ឍធនធានគ្រូបង្វឹក, ៩-ការអភិវឌ្ឍអាជ្ញាកណ្ដាល, ១០-ការអភិវឌ្ឍបាល់ទាត់ក្នុងសាល និង១១-ការអភិវឌ្ឍផ្នែកទីផ្សារ ទំនាក់ទំនង និងអ្នកគាំទ្រ ។

ការសង្កត់ធ្ងន់លើចំណុចទាំងអស់នេះ បន្ទាប់ពីសហព័ន្ធ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានពួកដៃគ្នាសហការ និងជំរុញការអភិវឌ្ឍ ជាក់ស្ដែងចាប់ពីឆ្នាំ២០១៧ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បានកសាងទីលានតាមបណ្ដាសាលាទូទាំងប្រទេស ជាមួយយុទ្ធនាការ ខេត្តមួយ មានទីលានបាល់ទាត់ស្មៅធម្មជាតិមួយ រហូតដល់បច្ចុប្បន្ន បានសាងសង់រួចរាល់ជាស្ថាពរ និងកំពុងដំណើរការប្រើប្រាស់សម្រាប់ការហ្វឹកហាត់របស់ក្រុមទាំងពីរកម្រិត ។

ឆ្លៀតឱកាសនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានរាយការណ៍ជូនមហាសន្និបាត អំពីសមិទ្ធផលការងារចម្បងមួយចំនួន ដែលជាផ្នែកសំខាន់ នៃផែនការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ឲ្យមានចីរភាពរហូតដល់ និងក្រោយពេលស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ដោយមានអាទិភាពចំនួន ២ ក្នុងចំណោមអាទិភាពឡាយ នៃផែនការអភិវឌ្ឍន៍បាល់ទាត់ឲ្យមាននិរន្ដរភាព រួមមាន៖ បាល់ទាត់ថ្នាល/យុវជន និងហេដ្ឋានរចនាសម្ព័ន្ធសម្រាប់ហ្វឹកហាត់ និងទី២-ការប្រកួតប្រកបដោយគុណភាព និងសុវត្ថិភាព ៕